2025-01-03 12:01
147

ព្រះសីហនុ៖ ការវិធានការច្បាប់ចំពោះក្រុមហ៊ុន ខេមបូឌាន ណូប៊លថេស្ត ហ្វូដ ធ្វើឡើងបន្ទាប់ពី ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានចុះត្រួតពិនិត្យដងព្រែកសង្កែ ចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កេតឃើញនៅចំណុចខ្លះ នៃព្រែកមានលក្ខណៈទឹកក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយ។

ដំណើរចុះទៅត្រួតពិនិត្យស្ថានភាពទឹកកខ្វក់នេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។ បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំង ក្រុមហ៊ុន ខេមបូឌាន ណូប៊លថេស្ត ហ្វូដ រកឃើញថា «ក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន»។ ដំណោះស្រាយចំពោះមុខ ក្រសួងបរិស្ថាន តម្រូវឲ្យរោងចក្រអនុវត្តច្បាប់ជាធរមាន ដោយត្រូវរៀបចំអាងប្រព្រឹត្តិកម្ម ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ តាមរយៈការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់។ 

ក្រសួងបរិស្ថាន ក៏តម្រូវឲ្យក្រុមហ៊ុន បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវតាមការកំណត់ ហើយត្រូវគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់ និងត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន។ 

ក្រសួងបរិស្ថានក៏បានណែនាំ ឲ្យក្រុមហ៊ុនស្តារភក់ក្នុងព្រែកសង្កែនេះ ឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពលរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត។ ចំណែកភាគី ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន និងសូមអភ័យទោសដល់ប្រជាពលរដ្ឋ ដែលបានទទួលរងនូវផលប៉ះពាល់នាពេលកន្លងមក ហើយក្រុមហ៊ុនប្តេជ្ញា នឹងតាមការណែនាំរបស់ក្រសួងបិរស្ថាន។ 

ជាមួយគ្នានេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានបន្តយកសំណាក់ទឹកជាចុងក្រោយ ដែលបានបញ្ចេញពីរោងចក្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ចំនួន ០២ ទីតាំងបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីបន្តផងដែរ៕