
គុនខ្មែរ៖ ក្រោយក្រុមអ្នកចម្បាំងគុនខ្មែរទាំង៣រូប ឡើងទៅដណ្ដើមខ្សែក្រវាត់ “រេនថេបណាយ ឆេម ពាន” ចំនួន៣ខ្សែ នៅក្នុងកម្មវិធី រេនថេបណា ដែលបានធ្វើឡើងនៅលើទឹកដីទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាលទ្ធផលឈ្នះ១ ចាញ់២ ដែលអ្នកឈ្នះ នោះគឺកីឡាករគុនខ្មែរ ប៉ុង ពិសិដ្ឋ ដណ្ដើមបានខ្សែក្រវាត់ “រេនថេបណាយឆេម ពាន” ចំនួន១ខ្សែ មកកម្ពុជាវិញ យ៉ាងណាក៏ដោយនៅក្នុងព្រឹត្តិការណ៍ប្រកួត នេះ សង្កេតឃើញថាក្រុមអត្តពលិកគុនខ្មែរ ទាំង៣រូបខាងលើនេះ បានយកឈ្នះចិត្តអ្នកគាំទ្រកីឡា ប្រដាល់គុនខ្មែរទូទាំងប្រទេសកម្ពុជា ពីព្រោះ ថាពួកគេបានបញ្ចេញស្នៀតគុន បុរាណខ្មែរ នៅលើឆាកអន្តរជាតិបានយ៉ាងល្អឥតខ្ចោះ និងអស់ពី សមត្ថភាពគួរជាទីមោទនៈ។
គួររំលេចថា ការប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ល្បីប្រចាំសង្វៀនរេនថេបណាយ នៅប្រទេសម៉ា ឡេស៊ី នាពេលនេះ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ អឹម អេស ជេ ធីវី ក្រោមការឧបត្ថម្ភ គាំទ្រ ដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានធ្វើឲ្យក្បាច់គុនខ្មែរយើង មានវត្តមាននៅលើឆាកអន្តរជាតិនិងទទួលបានការចាប់អារម្មណ៍ខ្លាំងជាលក្ខណៈសកលផងដែរ ។
ជាក់ស្ដែង ក្រុមអ្នកចម្បាំងគុនខ្មែរទាំង៣រូប ដែលរួមមាន៖ រហ័សនាមអ្នកលេងជង្គង់ហោះ ប៉ុង ពិសិដ្ឋ , អ្នកលេងវ័យក្មេងកែងទាលោហិត ប៉ុង ប៊ុនឆេង , និងក្រមុំតែងខ្លួន អ៊ុ ចំរើន ក្រោយពីបាន បញ្ចេញ សមត្ថភាព នៅលើឆាកអន្តរជាតិរួចមកឃើញថា ពិតជាស័ក្កិសមបំផុត ដែលលោកបណ្ឌិត ម៉េង សុភ័ណ្ឌ និង “គ្រុឌ” បានផ្ដល់ឪកាសក្លាយជាបេក្ខភាពប្រកួតដណ្ដើមខ្សែក្រវាត់“រេនថេបណាយ ឆេមពាន នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី នាពេលនេះ ។
ទោះជាយ៉ាងណា ក្រោយចប់ការប្រកួត ជាលទ្ធផលឈ្នះ១ ចាញ់២ ហើយមានតែកីឡាករគុនខ្មែរ តែម្នាក់ ប៉ុណ្ណោះ គឺកីឡាករ ប៉ុង ពិសិដ្ឋ ដណ្ដើមបានខ្សែក្រវាត់ “រេនថេបណាយឆេមពាន” ចំនួន១ខ្សែ មកកម្ពុជាវិញ ប៉ុន្តែយ៉ាងនេះក្តី ក្រុមអត្តពលិកគុនខ្មែររបស់យើង បានយកឈ្នះចិត្តអ្នកគាំទ្រកីឡា ប្រដាល់គុន ខ្មែរទូទាំងប្រទេសកម្ពុជា ដោយហេតុថាទី១. ការប្រកួតដណ្ដើមខ្សែក្រវាត់ រេនថេប ណាយឆេនពាន រវាងកីឡាករគុនខ្មែរ ប៉ុង ប៊ុនឆេង ប៉ះជា មួយម្ចាស់ផ្ទះម៉ាឡេស៊ី កីឡាករ ហ្វារីដ ស៊ៀដា អ្នកទាំងពីរ បានបញ្ចេញស្នៀតគុនពិសេសរៀងៗខ្លួន ខណៈដែលកីឡាករគុនខ្មែរមានឪកាស វាយចូលចំគោលដៅច្រើនទៅលើម្ចាស់ផ្ទះ បណ្ដាលឲ្យមានលោហិត ហូរស្រោចខ្លួននៅដើមទឹកទី១ ប៉ុន្តែនៅតែមិនអាចផ្ដួលម្ចាស់ ផ្ទះម៉ាឡេស៊ីបាន ហើយការប្រកួតរហូត ដល់ចប់ទឹក ជាលទ្ធផលជ័យជម្នះ បានទៅកីឡាករម្ចាស់ផ្ទះ ហ្វារីដ ស៊ៀដា ។ ទី២ការប្រកួត រវាង កីឡាករគុនខ្មែរ អ៊ុ ចំរើន ប៉ះជា មួយ កីឡាករជើងខ្លាំង អ៉ីរ៉ង់ ហ្សាហូ ហ្ស៊ីហ្សារេន អ្នកទាំងពីរបានប្រកួត គ្នាយ៉ាងស្វិតស្វាញពេញ៥ទឹក និង ជាលទ្ធផលកីឡាករគុន ខ្មែរយើងបាន ចាញ់ពិន្ទុកីឡាករអ៊ីរ៉ង់ ប៉ុន្តែយ៉ាងនេះក្តី អ្វីដែលកីឡាករគុន ខ្មែររហ័ស នាម ក្រមុំតែងខ្លួន អ៊ុ ចំរើន អាចយកឈ្នះចិត្តអ្នកគាំទ្រ បាននោះគឺភាពអង់អាចក្លាហាន ក្នុងការបញ្ចេញសមត្ថភាព ធ្វើឲ្យសង្វៀន ប្រដាល់កាន់តែកក្រើកឡើងថែមទៀតខណៈដែលរូបគេ គឺជា កីឡាករគុនខ្មែរជួរ មុខម្នាក់ ដែលការប្រកួតអាជីពរបស់់គេ គឺក្នុង ប្រភេទ ទម្ងន់៦៧គីឡូ ក្រាម ប៉ុន្តែ រូបគេបានដំឡើងគីឡូ ណាត់ជួបគ្នាក្នុងទម្ងន់៧០គីឡូក្រាម ហើយថែមទាំង បានបង្ហាញ ស្នៀតគុនខ្មែរ បានយ៉ាងល្អពេញ ៥ទឹកតែម្តង ។ទី៣.ការប្រកួត រវាង កីឡាករគុនខ្មែរ ប៉ុង ពិសិដ្ឋ ប៉ះជា មួយ កីឡាករ ម្ចាស់ ផ្ទះ ធីណា ហារាន់ បានបង្ហាញការភ្ញាក់ផ្អើល កាន់តែខ្លាំងទៅដល់ម្ចាស់ផ្ទះម៉ាឡេស៊ី និងអ្នកគាំទ្រ កីឡាប្រដាល់ទូទាំងប្រទេសកម្ពុជា ខណៈដែល កីឡាករគុនខ្មែររហ័សនាមអ្នកលេង ជង្គង់ហោះរូបនេះ បានបង្ហាញ ស្នៀតគុនពិសេសៗដែលធ្លាប់ ផ្តួលគូប្រកួតកន្លងទៅជាច្រើនក្បាច់ ទៅលើគូប្រកួត ធ្វើឲ្យ កីឡាករម្ចាស់ ផ្ទះម៉ាឡេស៊ី បានត្រឹមតែ ខំប្រឹងទប់ជំហររបស់ខ្លួនរកក្បាច់អ្វី តបតវិញមិនបាន ជាហេតុ ធ្វើឲ្យ លោកអាជ្ញាកណ្ដាលរាប់ដល់៨ ម្តង ហើយជាលទ្ធផលកីឡាករ គុន ខ្មែរប៉ុង ពិសិដ្ឋ បានយក ឈ្នះកីឡាករ ម្ចាស់ផ្ទះម៉ាឡេស៊ីដោយពិន្ទុ និងទទួលបានខ្សែក្រវាត់ រេនថេប ណាយ ឆេមពាន មួយខ្សែផងដែរ។
សរុបសេចក្តីមកការឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់ “រេនថេបណាយឆេមពាន” ចំនួន៣ខ្សែ ក្នុង កម្មវិធីរេនថេបណា ដែលបានធ្វើឡើងលើសង្វៀនរេនថេបណាយ ក្នុងទីក្រុងកូឡាឡាំពូ ប្រទេស ម៉ាឡេស៊ី ជាលទ្ធផលឈ្នះ១ ចាញ់២ ហើយមានតែកីឡាករគុនខ្មែរតែម្នាក់ប៉ុណ្ណោះ គឺកីឡាករ ប៉ុង ពិសិដ្ឋ ដណ្ដើមបានខ្សែក្រវាត់ “រេនថេបណាយឆេមពាន” ចំនួន១ខ្សែ មកកម្ពុជាវិញ ៕


