
ខេត្តពោធិ៍សាត់: ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានជម្រុញដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចថ្មើរជើងលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹងរងពោធិ៍សាត់ ត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងខិតខំអភិវឌ្ឍន៍អង្គភាពឱ្យមានការរីកចម្រើន បូករួមទាំងការថែរក្សាការពារបរិស្ថាន និងដាំដើមឈើឱ្យបានច្រើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ប្រគល់ជូនដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង, លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារមួយចំនួនទៀត។
អំណោយដែលត្រូវប្រគល់ជូន ដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ រួមមាន៖ មី២៥០កេស, ប៊ីចេង១៥កេស, ត្រីខកំប៉ុង ២៥កេស, ត្រីងៀត ១២០គីឡូក្រាម, សាច់ក្រក ១២០គីឡូក្រាម, ប្រហុកសាច់ ១២០គីឡូក្រាម, ប្រហុកសាច់ ១២០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៉ីវ ១២០យួរ, ឆៃប៉ូវផ្អែម ១២០គីឡូក្រាម និងថវិកា៣ពាន់ដុល្លារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានប្រកាសពីការប្រគល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ត្រង់ចំណុចភ្នំត្រងោល ដែលមានទំហំ ១៨៨,៤៥៥ម៉ែត្រការ៉េ ជាអំណោយរបស់អគ្គិសនីកម្ពុជា ប្រគល់ជូនដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ បានគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាពផងដែរ៕ លាន គ្រន




