
ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយគ្រោះអគ្គិភ័យ នាថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ នេះថា «នៅទីណាមានទុក្ខ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា»។
ការថ្លែងរបស់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ធ្វើឡើងនាឱកាសលោករួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២០ គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ០២ គ្រួសារ ស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបាន អង្ករ ២៥គីឡូក្រាម, ក្រណាត់តង់ ០១ផ្ទាំង, កន្ទេល ០១រាយ, មុង ០១រាយ, ភួយ ០១រាយ, សារុង ០១រាយ, ក្រម៉ា ០១រាយ, មី ០១កេស, ទឹកត្រី ០៣ដប, ទឹកស៊ីអ៊ីវ ០៣ដប, នំធុង ០១ធុង, ត្រីខកំប៉ុង ០១យួរ, ប្រេងឆា ០១ដប។ ដោយឡែកប្រជាពលរដ្ឋក្រីក្រ ទទួលបាន អង្ករ ២៥គីឡូក្រាម, កន្ទេល ០១រាយ, មុង ០១រាយ, ភួយ ០១រាយ, សារុង ០១រាយ, ក្រម៉ា ០១រាយ, មី ០១កេស, ទឹកត្រី ០៣ដប, ទឹកស៊ីអ៊ីវ ០៣ដប, នំធុង ០១ធុង, ត្រីខកំប៉ុង ០១យួរ, ប្រេងឆា ០១ដប៕



