2025-01-05 13:25
100

ភ្នំពេញ៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងនានា។

ការគូសបញ្ជក់នេះ ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពីពេលថ្មីៗកន្លងទៅ នៅទីស្តីការក្រសួងការបរទេស។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរការចំពោះការរួមចំណែករបស់ សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់កម្ពុជា

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗ ដូចជា ការកាត់បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ន និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការប្រាស្រ័យទាក់ទងដ៏សកម្មជាមួយស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះ ដល់សហភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងទំនាក់ទំនងនយោបាយ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ 

លើការផ្លាស់ប្តូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបាន កំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់ប្រជាជនកម្ពុជា៕