2025-01-06 13:41
136

កូរ៉េ៖ នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋ បានស្នើសុំឱ្យប៉ូលីសអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol (យូន សុក យុល) ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ កន្លងទៅ។ 

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា មេធាវីរបស់លោក Yoon គឺលោក Yun Gap - Jiga បានតវ៉ាភ្លាមៗចំពោះការសម្រេចនេះ។

ការិយាល័យស៊ើបអង្កេតបទល្មើសពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានធ្វើសំណើនេះ នៅក្នុងលិខិតផ្លូវការមួយកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដោយទុករយៈពេលមួយថ្ងៃទៀត រហូតដល់ដីកាត្រូវផុតសុពលភាព។ 

សំណើនេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពីក្រុមមន្ត្រី CIO ព្យាយាមចាប់ខ្លួនលោក យូន សុក យុល នៅឯនិវេសនដ្ឋានប្រធានាធិបតី ប៉ុន្តែត្រូវប្រឈមមុខ និងរារាំងដោយក្រុមសន្តិសុខនិងក្រុមអ្នកគាំទ្ររបស់លោក យូន សុក យុល។ 

មន្ត្រីប៉ូលិសម្នាក់ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ថា «អង្គការ CIO បានផ្ញើលិខិតជាផ្លូវការមួយមកយើងស្នើសុំកិច្ចសហប្រតិបត្តិការដោយគ្មានការពិគ្រោះយោបល់ជាមុន។ យើងកំពុងអនុវត្តការពិនិត្យផ្នែកច្បាប់ផ្ទៃក្នុង»។ 

អង្គការ CIO នេះក៏ទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការកេណ្ឌមន្ត្រីប៉ូលិស អំឡុងការអនុវត្តដីកាកាលពីថ្ងៃសុក្រសប្តាហ៍មុន បើទោះបីជាអង្គការនេះគ្មានសិទ្ធិបញ្ជាកម្លាំងប៉ូលិសក៏ដោយ។ 

ការប៉ុនប៉ងចាប់ខ្លួនប្រធានាធីបតកូរ៉េខាងត្បូងតាមដីការបស់តុលាការក្រុងសេអ៊ូលធ្វើឡើងក្រោយដោយលោក យូន សុក យុល បដិសេធចំនួន ០៣ លើកមិនចូលខ្លួនមកឆ្លើយបំភ្លឺនៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ។ 

លោក Lee Jae - Seung អនុប្រធានការិយាល័យ CIO បានប្រាប់អ្នកយកព័ត៌មានថា «តាមច្បាប់នីតិវិធីព្រហ្មទណ្ឌ ដីកាបង្គាប់ឱ្យឃុំខ្លួនគឺត្រូវតែអនុវត្តដោយប៉ូលិសក្រោមការបញ្ជារបស់ព្រះរាជអាជ្ញា។ 

ការបញ្ជាមានន័យថា ការអនុវត្តដីកាអាចត្រូវប្រគល់ឱ្យប៉ូលិស»។ 

គួរជម្រាបជូនថា កូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរក្រោយពីប្រធានាធីបតី កូរ៉េខាងត្បូងបានប្រកាសច្បាប់អាជ្ញាសឹក ដែលមានរយៈពេលតែ ៦ម៉ោងប៉ុណ្ណោះ មុនពេលដកចេញវិញដោយរដ្ឋសភាកូរ៉េ។ 

ការណ៍នេះ បានជំរុញឲ្យសមាជិករដ្ឋសភា សម្រេចចោទប្រកាន់ដកតំណែងលោក យូន សុក យុល ហើយបច្ចុប្បន្នតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងកំពុងសម្រេចថាតើលោកប្រធានាធីបតីរូបនេះត្រូវដកតំណែងជាផ្លូវការឬយ៉ាងណា៕