2025-01-13 18:37
120

ភ្នំពេញ៖ ការពិភាក្សាពីកិច្ចសហប្រតិបត្តិការលំហាត់សមយុទ្ធយោធា «ឆ្មាំអង្គរ Angkor Sanitel» រវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងអាចការចាប់ផ្ដើមឡើងវិញ នៅខែកុម្ភៈ ឆ្នាំា២០២៥ ខាងមុខនេះ អំឡុងពេលមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នេះជាការលើកឡើងរបស់ លោកវរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ក្នុងជួបសម្តែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបពិភាក្សានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញជាដើម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជឿជាក់ថា «ក្រោមបេសកកម្មការទូតរបស់ លោក សលមែន ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា នឹងជំរុញការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត»។

លោកវរសេនីយ៍ទោ ខាល សលមែន បានសម្ដែងការអរគុណ ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបលោកចូលជួបសំដែងការគួរសម ដោយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេស ទំនាក់ទំនងយោធានិងយោធា ដែលឱកាសមានច្រើន។

លោកវរសេនីយ៍ទោ (Kyle Saltzman) បានកោតសរសើរអំពីទំនាក់ទំនងរយៈពេល ៧៥ឆ្នាំ រវាងកម្ពុជា-សហរដ្ឋអាមេរិកមានភាពល្អប្រសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានសរសេរបញ្ជាក់ថា៖ «លោក វរសេនីយ៍ទោ បានគូសបញ្ជាក់ថា នៅខែកុម្ភៈខាងមុខនេះ មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ លោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខ ក៏ដូចជាឱកាសនៃការចាប់ផ្ដើមឡើងវិញនូវលំហាត់ឆ្មាំអង្គរផងដែរ»។

សូមរំឭកថា លំហាត់សមយុទ្ធ «ឆ្មាំអង្គរ» រវាងកងទ័ពកម្ពុជា និងកងទ័ពអាមេរិក ដែលត្រៀមបើកនៅសាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៦ ប៉ុន្តែត្រូវបានអាក់ខាន រហូតមកដល់បច្ចុប្បន្ន ខណៈពេលភាគីទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពិភាក្សាគ្នាឡើងវិញ៕