2025-01-14 10:42
65

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានថ្លែងសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធនឹងករណីក្មេងទំនើងដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទោះជាកូនចៅរបស់បុគ្គលណាក៏ដោយត្រូវតែអនុវត្តតាមផ្លូវច្បាប់ម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលេងនោះទេ។ ប្រសិនមានករណីថាជាកូនអ្នកនេះ កូនអ្នកនោះ ត្រូវរាយការណ៍បន្ទាន់មកក្រសួងយុត្តិធម៌ ដើម្បីមានវិធានការ»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌» នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានថ្លែងទៀតថា៖ «សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង គិតចាប់តាំងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេសបានទទួលចាត់ការ សរុបចំនួន ២ ៣២៤ ករណី ក្នុងនោះចាត់ការរួច ចំនួន ១ ៧៨០ ករណី ស្មើនឹង ៧៦,៥៩ ភាគរយ នៅសល់សំណុំរឿង ចំនួន ៥៤៤ ករណី ស្មើនឹង ២៣,៤១ ភាគរយ កំពុងចាត់ការបន្ត»

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា៖ «ពាក់ព័ន្ធការអនុវត្តច្បាប់ចំពោះករណីក្មេងទំនើងនេះ មានជនសង្ស័យចំនួន ៣ ៦៥០ នាក់ ត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តអនុវត្តផ្លូវច្បាប់ម៉ឺងម៉ាត់បំផុត។ ចំពោះវិធានដ៏ម៉ឹងម៉ាត់នេះ គឺដើម្បីធានាឱ្យសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមហើយយើងឃើញថាសកម្មភាពក្មេងទំនើងមានការថយចុះច្រើន»

លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ថា៖ «ករណីក្រុមក្មេងទំនើងនេះ គឺអនុវត្តច្បាប់ម៉ឺងម៉ាត់បំផុត ឱ្យធ្វើសកម្មភាពល្មើសច្បាប់ពាក់ព័ន្ធក្មេងទំនើងនេះ នឹងចាត់វិធានផ្លូវច្បាប់តឹងរឹងហើយនេះជាបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះមិនថាកូនចៅរបស់អ្នកណាទេ ឱ្យតែប្រព្រឹត្តល្មើសច្បាប់ នឹងចាត់វិធានតាមផ្លូវច្បាប់ម៉ឺងម៉ាត់ ត្រឹមត្រូវ ដោយគ្មានការលើកលេងនោះទេ។ ប្រសិនបើការដោះលេងថាកូនបុគ្គលនេះ បុគ្គលនោះ ត្រូវរាយការណ៍បន្ទាន់មកក្រសួងយុត្តិធម៌ ដើម្បីមានវិធានការលើរឿងនេះ»

សូមជម្រាបថា លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដែលដឹកនាំសន្និសីទសារព័ត៌មាន បានបញ្ជាក់ថា៖ «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺទទួលបាលលទ្ធល្អប្រសើរលើសពីការរំពឹងទុក។ ការពន្លឿនដោះស្រាយរឿងក្តីនៅតាមតុលាការកាន់តែលឿន និងឆាប់រហ័ស ត្រឹមត្រូវជាងមុនទាំងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនៅនឹងភាពមិនប្រក្រតីនានានៅតាមតុលាការរាជធានី ខេត្តទូទាំងប្រទេស»