2025-01-14 11:30
39

នៅពេលដែលពិភពលោកឈានចូលឆ្នាំថ្មី តម្រូវការដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងបន្ត និងយូរអង្វែងនៅតែជារឿងបន្ទាន់។ នៅឆ្នាំ 2025 តំបន់មួយចំនួននឹងប្រឈមមុខនឹងបញ្ហាដែលនឹងទាមទារការយកចិត្តទុកដាក់ជាសកលដែលមានដូចជា៖

១. ប្រទេសស៊ីរី៖ ប្រជាជនជាង ១៧ លាននាក់ត្រូវការជំនួយ
ដូចដែលដឹងរួចមកហើយថា ស៊ីរីត្រូវបានបំផ្លាញដោយជម្លោះជិត ១៤ ឆ្នាំ ដែលជាហេតុនាំឲ្យប្រជាជនស៊ីរីមានការផ្លាស់ទីលំនៅ និងការធ្លាក់ចុះសេដ្ឋកិច្ចជាដើម។ 

ក្នុងនោះប្រជាជនជាង ១៧ លាននាក់នៅក្នុងប្រទេសត្រូវការជំនួយមនុស្សធម៌ ហើយបានស៊ូទ្រាំនឹងការបាត់បង់ ការបំផ្លិចបំផ្លាញ ភាពក្រីក្រ និងវិបត្តិត្រួតស៊ីគ្នាជាច្រើន។

កុមាររាប់លាននាក់នៅតែមិនបានរៀន ដោយសារតែគ្រួសារពួកគេពិបាករកដំណោះស្រាយក្នុងការដោះស្រាយជីវភាព។ 

ខណៈពេលដែលការផ្លាស់ប្តូររដ្ឋាភិបាលនាពេលថ្មីៗនេះនាំមកនូវឱកាសនៃការចាប់ផ្តើមថ្មី មនុស្សរាប់លាននាក់នៅតែត្រូវការជំនួយហើយតម្រូវការសំខាន់ៗនៅតែបន្តនិងមិនទាន់មានការឆ្លើយតប។

២. ហ្គាហ្សា៖ មនុស្ស ១,៩ លាននាក់បានផ្លាស់ទីលំនៅ
ក្នុងឆ្នាំ ២០២៤ គឺជាគ្រោះមហន្តរាយសម្រាប់ជនស៊ីវិលនៅហ្គាហ្សា។ 

ប្រជាជនប៉ាឡេស្ទីនជាង ៤៥.000 នាក់បានបាត់បង់ជីវិត ហើយជាង ១០៧.000 នាក់បានរងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប។ 

គ្រួសារជាច្រើនកំពុងប្រឈមមុខនឹងការបាត់បង់ដែលមិនអាចនឹកស្មានដល់ ហើយហានិភ័យនៃគ្រោះទុរ្ភិក្សនៅតែមានកម្រិតខ្ពស់។ 

មនុស្សចំនួន ១.៩ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងជាងពាក់កណ្តាលនៃផ្ទះរបស់ Gaza បានរងការខូចខាត ឬបំផ្លាញស្ទើរតែទាំងស្រុង។

៣. ស៊ូដង់៖ មនុស្សជាង ១៤ លាននាក់បានផ្លាស់ទីលំនៅ 
ស៊ូដង់ឈានដល់គែមនៃការដួលរលំទាំងស្រុង បន្ទាប់ពីបានស៊ូទ្រាំនឹងការបំផ្លិចបំផ្លាញមិនឈប់ឈរអស់រយៈពេលជាង ១៨ ខែមកនេះ។ 

ដោយសារតែអំពើហិង្សាដ៏គួរឱ្យរន្ធត់ និងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះបានបង្ករឲ្យមានការប៉ះពាល់រហូតដល់ពាក់កណ្តាលនៃចំនួនប្រជាជន   ហើយគ្រោះទុរ្ភិក្សក៏កំពុងតែរីករាលដាលពាសពេញប្រទេសនេះផងដែរ។ 

ក្នុងចំណោមនោះ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ដោយអ្នកនៅរស់រានមានជីវិតប្រឈមនឹងការលំបាកដែលមិននឹកស្មានដល់បន្ទាប់ពីបាត់បង់អ្វីៗទាំងអស់។

៤. ប្រទេស ប៊ូគីណាហ្វាសូ៖ ប្រជាជនចំនួន ២ លាននាក់បានផ្លាស់ទីលំនៅខាងក្នុង 
ប្រទេស Burkina Faso បានឈរនៅលើកំពូលតារាងវិបត្តិដែលមិនយកចិត្តទុកដាក់របស់ NRC សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ។ 

ជាមួយនឹងទីក្រុងចំនួន ៣៧ ដែលត្រូវបានរារាំងនៅទូទាំងប្រទេស ជំនួយមនុស្សធម៌តិចតួចឬគ្មានបានទៅដល់អ្នកដែលត្រូវការជំនួយ។ 

ហើយមនុស្សប្រហែល ២ លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ដែលជារឿយៗ ពួកគេត្រូវបានបង្ខំឱ្យភៀសខ្លួនជាច្រើនដងដោយសារតែភាពអសន្តិសុខ និងកង្វះជំនួយ។ 

កុមារជាង ៨00,000 នាក់បានមើលឃើញថា ការអប់រំរបស់ពួកគេត្រូវបានរំខាន ខណៈដែលសាលារៀននៅតែបិទទ្វារ ដែលជាហេតុធ្វើឲ្យប្រទេសនេះកាន់តែកើតមាននូវវិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ។

៥. អាហ្វហ្គានីស្ថាន៖ មនុស្ស ១១ លាននាក់បានផ្លាស់ទីលំនៅ 
នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមាននូវ សង្គ្រាមជាច្រើនទសវត្សរ៍ ភាពចលាចលនយោបាយ និងចលាចលសេដ្ឋកិច្ចបានបង្ខំមនុស្សក្នុងគ្រួសារជាច្រើនត្រូវចេញពីផ្ទះរបស់ពួកគេ ហើយបានធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្ររ៉ាំរ៉ៃ ដែលកាន់តែអាក្រក់ទៅៗដោយគ្រោះរាំងស្ងួត រញ្ជួយដី និងទឹកជំនន់។ 

ទោះបីជាសង្គ្រាមទូទាំងប្រទេសបានបញ្ចប់នៅឆ្នាំ ២០២១ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែអំពើហិង្សានេះ រួមជាមួយនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការរញ្ជួយដីញឹកញាប់ក្នុងខែតុលា ឆ្នាំ ២០២៣ បានបណ្តាលឱ្យមនុស្សចំនួន ៦.៧ លាននាក់ភៀសខ្លួនចេញពីប្រទេសនិង ៤.២ លាននាក់ដើម្បីស្វែងរកកន្លែងភៀសខ្លួន ទៅកន្លែងផ្សេងទៀតក្នុងប្រទេសអាហ្វហ្គានីស្ថាន។ 

គ្រួសារដែលផ្លាស់ទីលំនៅទាំងនេះ ឥឡូវកំពុងតែរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់ និងភាពក្រីក្រខ្លាំងផងដែរ។