2025-01-14 11:48
39

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក  និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។ 

នៅក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្មត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុនក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះដើម្បីដោះស្រាយឱ្យបានជោគជ័យនិងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានអនុញ្ញាតផ្តល់ឱកាសជូនអគ្គនាយករង រដ្ឋបាល-ហិរញ្ញវត្ថុ និងមន្រ្តីនាយកដ្ឋាននីតិកម្មធ្វើការណែនាំខ្លួននិងរំលឹកពីប្រវត្កិការងារ បទពិសោធន៍ធ្វើការកន្លងមក។ 

បន្ថែមពីនេះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន ទី១). នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌ ទី២). នាយកដ្ឋាននីតិកម្មត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ ទី៣). ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ច សហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត ទី៤). នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា ទី៥). ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល ទី៦). សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារកន្លងមក។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាន នីតិកម្មទាំងអស់ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសឆ្នាំថ្មីនេះ។