2025-02-01 15:00
99

ត្បូងឃ្មុំ៖ ព្រឹត្តិការណ៍ចុះចាប់ត្រីប្រចាំឆ្នាំតាមបែបបុរាណ និងប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋ ស្រុកមេមុត ឆ្នាំ២០២៥ នេះ ដ៏ធំជាងគេនៅទូទាំងប្រទេស មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់ បានបង្ហាញអំពីភាពរីករាយនៃជួបជុំគ្នាក្រោមម្លប់នៃសុខសន្តិភាពដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តវេនដ៏មានសមត្ថភាពប្រកបដោយសក្កានុពល។

មិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍នៃពិធីចាប់ត្រីបែបបុរាណ ដែលជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋតាំងពីដូនតាហើយតជំនាន់រាប់រយឆ្នាំមកហើយស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។

សម្រាប់ឆ្នាំ២០២៥ នេះ ពិធីនេះបានរៀបចំធ្វើនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ប្រជាពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ឃុំ-ស្រុក ក្រោមម្លប់នៃសុខសន្តិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់និងនៅទូទាំងប្រទេសផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់បានឱ្យដឹងថា កម្មវិធីនឹងចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង ០៧និង៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។ 

ការប្រព្រឹត្តិទៅនៃពិធីចាប់ត្រីតាមទំនៀមទំលាប់បុរាណនេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ ភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។

សូមជម្រាបថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក ៣០ ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។ 

ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នាដែលជាទំនៀមទំលាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ តែជាលក្ខណៈតាមតំបន់ក្នុងភូមិ-ស្រុក។

ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់គិតគូរបស់ថ្នាក់ដឹកនាំខេត្ត រដ្ឋរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសដោយមានការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគឺក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាសេនាធិការនិងប្រព័ន្ធផ្សព្វផ្សាយឯកាជននានាដែលធ្វើឲ្យពលរដ្ឋជិតឆ្ងាយបានឃើញ បានដឹង និងចាប់អារម្មណ៍បានចូលរួមយ៉ាងច្រើនកុះករកកកុញរាប់ម៉ឺននាក់ខណៈក្នុងនោះក៏មានអ្នកទេសចរណ៍បរទេសចូលរួមផងដែរ៕