2025-02-01 15:15
89

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្រេចផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលត្រូវបានរកឃើញថា «លួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ប្រភពទឹកសាធារណៈ»។

នារសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករងដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថាក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល  ខេត្តកណ្តាល។ 

ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ «ក្រុមហ៊ុននេះជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។  

នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន ២៥ គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន ១៥ គ្រឿងប៉ុណ្ណោះ ដោយចំនួន ១០ គ្រឿងទៀត តម្លើងពុំទាន់រួចរាល់និងមានកម្មករធ្វើការចំនួន ៩០ នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។

ក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ 

ប៉ុន្តែតាមការពិនិត្យ ក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោត តាមរយៈបំពង់ទុយោដែលមានអង្កត់ផ្ចិតប្រវែង ០,៨០ ម៉ែត្រ ដោយពុំបានឆ្លងកាត់ធ្វើប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវឡើយ។ 

ជាក់ស្តែង នៅចំណុចចុងបំពង់ទុយោបង្ហូរចូលស្ទឹង ឃើញមានស្លាកស្នាមនៃដានទឹកពណ៌ខៀវជាប់ប្រឡាក់លើដី នៃមាត់ច្រាំងខាងលើ។ ចំណែកឯនៅមាត់ច្រាំងផ្នែកខាងក្រោមនៃស្ទឹងវិញ ឃើញមានទឹកសំណល់រាវពណ៌ក្រម៉ៅដល់សល់ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមការងារបានពិនិត្យឃើញមានលូចំហរ (លក្ខណៈបេតុង) សម្រាប់ធ្វើការបង្ហូរសំណល់រាវចេញពីអាងស្តុកចេញទៅក្រៅផ្ទាល់តែម្តង ដោយពុំចាំបាច់បូមទៅធ្វើការសម្អាតទេ។ 

ចំពោះស្ថានភាពទឹកស្ទឹងនៅចំកណ្តាលនៃស្ទឹងនឹងនៅចន្លោះសងខាងទីតាំងក្រុមហ៊ុន (ខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម) គឺស្ថានភាពពណ៌ទឹកមានលក្ខណៈធម្មតា។

ទាក់ទងនឹងបញ្ហាបង្ហូរសំណល់រាវចូលក្នុងស្ទឹងព្រែកនេះ លោកមេឃុំព្រៃពួចនិងលោកមេភូមិសរមាំងបានឲ្យដឹងថា រយៈកាលកន្លងមកពុំដែលឃើញមានបញ្ហាទឹកសំណល់ពណ៌ខ្មៅបង្ហូរចូលស្ទឹង ឬក៏មានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដែនដីទេទើបតែដឹងនៅពេលមានសារព័ត៌មានចុះផ្សាយនាយពេលថ្មីៗនេះ។

ជារួម សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម៖ 

១-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្នរហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។ 

២-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។ 

៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។

៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់។

៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្មទៅតាមការកំណត់។

៦-ត្រូវធ្វើការស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ឲ្យមានភាពដូចដើមវិញ។

៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ៕