2025-02-03 14:51
97

នៅព្រឹកថ្ងៃចន្ទ  ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម សាន់អូដា ម៉ូស៊ូម៉ាត់តូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងធនធានទឹកនិងឧតុនិយម។

នៅក្នុងជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពការងារ និងចក្ខុវិស័យរបស់ក្រសួងក្នុងការរួមចំណែកអនុវត្តន៍នូវគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលរួមមានទី១៖ បន្ដបង្កើនសក្ដានុពល ធនធានទឹក តាមរយៈការបន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដើម្បីធានាការគ្រប់គ្រង ធនធានទឹកប្រកបដោយចីរភាព ។ 

ទី២៖ ការពង្រឹងនិងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវា ជលសាស្រ្ត និងឧតុនិយមក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុន (Early Warning System) ដល់សាធារណជននិងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។ 

ទី៣៖ បន្ដការរៀបចំនិងដាក់ចេញនូវច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តសម្រាប់វិស័យធនធានទឹក និងឧតុនិយម ។ ទី៤៖ ការពង្រឹងសមត្ថភាពស្ថាប័នតាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍។

ទី៥៖  ការលើកកម្ពស់ ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក និង ទី៦៖ ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរ  ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងការបន្តរក្សានិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅតាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមរួមបញ្ចូលទាំងការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងអភិវឌ្ឍ និងអភិរក្សធនធានទឹក និងទំនើបកម្មវិស័យឧតុនិយម ជាពិសេសការគ្រប់គ្រងធនធានទឹកចម្រុះ  ការងារសហគមន៍ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផងដែរ ៕