2025-02-04 19:06
117

ភ្នំពេញ៖ ឧបនាយករដ្ឋ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ៍ ទី០៤ ខែកុម្ភ ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសលប់ឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម តាមបញ្ញតិមាត្រា ៣០ នៃច្បាប់ស្តីពី សមាគន និងអង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពីធ្វើសកម្មភាពពោលពាក្យសម្តីនាំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសានា និងព្រះត្រៃបិដក នាំឱ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំង។

ជាការកត់សម្គាល់ការសម្រេចលុបឈ្មោះ «សមាគមទេវ សក្ខី ភគវន្ត» ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេសតែម្តង។ ប្រតិកម្មនេះ បន្ទាប់ពីបុគ្គលឈ្មោះ ថង ប៊ុនថេង ដែលជាមេដឹកនាំសមាគមទេវ សក្ខី ភគវន្ត បានពោលពាក្យថា៖ «បួសជាសង្ឃ គឺទម្ងន់ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធ ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។

សូមជម្រាបថា ទីស្តីការក្រសួងធម្មការ និងសាសនា នៅបន្ទប់ផ្កាក្រវ៉ាន់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ បានដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងប្រធានសមាគមទេវ សក្ខី ភគវន្ត ស្តីពី ករណី លោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត។ លទ្ធផលអង្គប្រជុំ បានសម្រេចដូចតទៅ៖ ទី១៖ លោក ថង ប៊ុនថេង ហៅសក្ខី ភគវន្ត ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា, ២៖ យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម និងទី៣៖ ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម៕