2025-02-04 20:17
146

ភ្នំពេញ៖ ស្រីស្អាតហាយសូរមានអង្គរក្សហែរហមឆ្វេងស្តាំ អ្នកនាង ឆេង ស្រីរ័ត្ន មានឈ្មោះក្រៅថា  «Love Riya» ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា ធ្វើលិខិតអញ្ជើញ  នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ពាក់ព័ន្ធករណី បង្ហោះព័ត៌មានលើបណ្ដាញសង្គមនានា។

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានអញ្ជើញ ស្រីស្អាតឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១២-កញ្ញា-១៩៨៥ កាន់អត្តសញ្ញាណបណ្ណលេខ ១៩០៣៣៩៥២៩ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលខ្លួនមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។

ដោយឡែកសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតជម្រាបជូន ឧកញ៉ា ឆេង ស្រីរ័ត្ន អគ្គនាយិកា ក្រុមហ៊ុនឡាហ្វរីយ៉ា ខូអិលធីឌី ចូលរួមប្រជុំ នៅសមាគមឧកញ៉ាកម្ពុជា ពាក់ព័ន្ធការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា នៅ ការិយាល័យសមាគមឧកញ៉ាកម្ពុជា សណ្ឋាគារភ្នំពេញ។

សមាគមឧកញ៉ា បានបញ្ជាក់ថា៖ «ការអញ្ជើញឧកញ៉ា ឆេង ស្រីរ័ត្ន គឺដើម្បីពិភាក្សា និងសាកសួរលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារ “ឧកញ៉ា”។

សូមជម្រាបថា ក្នងរយៈពេលប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម រវាងលោកជំទាវ ហ៊ុន ស៊ីណាត ជាមួយស្រីស្អាតលក់ឡេហាយសូរ «Love Riya» ពាក់ព័ន្ធលួចសមិទ្ធផលរបស់បងបង្កើតរបស់លោកជំទាវ និងសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះខ្លួនឯង ដើម្បីស្នើសុំងារជា «ឧកញ៉ា»។

ក្រោយផ្ទុះរឿងរាវខាងលើនេះ ស្រីស្អាតហាយសូរ ឆេង ស្រីរ័ត្ន ហៅ Love Riya បានវីដេអូស្នើសុំជួបជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីក្រោបសំពះសុំទោសដល់ផ្ទះផ្ទាល់ និងបកស្រាយរឿងលួចសមិទ្ធផល។ Love Riya ក៏លើកដៃសំពះសុំទោសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត [….] ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសនូវកំហុសឆ្គងរបស់ខ្លួនផង។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ស្រីស្អាត Love Riya ដែលជាអ្នកលក់ឡេអនឡាញ បានតែងខ្លួនជា «ព្រះនាងឥន្រ្ទទេវី» ជាមហាក្សត្រីខ្មែរសម័យមហានគរ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិស័ព្ទដ៏ល្បីរន្ទឺ ព្រះនាងឥន្ទ្រទេវីផងដែរ៕