
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កកជំនួយដល់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងការកើនឡើងនៃភាពប្រេះឆារវាងរដ្ឋបាលរបស់លោក និងទីក្រុង Pretoria ជុំវិញច្បាប់ស្តីពីការដកហូតដីធ្លីដ៏ចម្រូងចម្រាសក្នុងគោលបំណងដោះស្រាយបញ្ហាវិសមភាពដែលកើតចេញពីការរើសអើងជាតិសាសន៍។
នៅក្នុងដីកាប្រតិបត្តិមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Trump បាននិយាយថា ច្បាប់នេះបានបង្ហាញពី "ការមិនគោរពដ៏គួរឱ្យភ្ញាក់ផ្អើល" ចំពោះសិទ្ធិរបស់ពលរដ្ឋ ហើយនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរឹបអូសយកដីពីជនជាតិភាគតិច Afrikaners ដោយគ្មានសំណងទៀតផង។
លោក Trump បានបន្តថា អាហ្រ្វិកខាងត្បូងក៏បានប្រកាន់យក “ជំហរឈ្លានពាន” ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងការចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ។
ប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា "សហរដ្ឋអាមេរិកមិនអាចគាំទ្ររដ្ឋាភិបាលនៃគណៈកម្មការអាហ្រ្វិកខាងត្បូងនៃការរំលោភសិទ្ធិនៅក្នុងប្រទេសរបស់ខ្លួនបានទេ ឬធ្វើឱ្យខូចដល់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលបង្កការគំរាមកំហែងសន្តិសុខជាតិដល់ប្រទេសជាតិ សម្ព័ន្ធមិត្តរបស់អាមេរិក ដៃគូអាហ្វ្រិករបស់អាមេរិក និងផលប្រយោជន៍របស់អាមេរិកផងដែរ" ។
ក្នុងនោះ បទបញ្ជារបស់លោក Trump ក៏បានបង្ហាញផងដែរថា រដ្ឋបាលរបស់លោកនឹងលើកកម្ពស់ការតាំងទីលំនៅថ្មីនៃជនជាតិអាហ្រ្វិក ដោយគេចចេញពីការរើសអើងដែលផ្អែកលើពូជសាសន៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាល ។
ហើយមកទល់នឹងពេលនេះផងដែរ ប្រធានាធិបតីអាមេរិក និងមេដឹកនាំអាហ្វ្រិកខាងត្បូង បានចូលរួមក្នុងសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងនៅពេលដែលប្រធានាធិបតីអាមេរិកបានចោទប្រកាន់រដ្ឋបាលរបស់សមភាគីរបស់គាត់ពីបទ "រឹបអូសយកដី" និងធ្វើបាប "វណ្ណៈមួយចំនួននៃប្រជាជន" ។
គួរបញ្ជាក់ថា យុទ្ធនាការរបស់លោក Trump ប្រឆាំងនឹងអាហ្រ្វិកខាងត្បូងកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោកកំពុងគៀបទៅលើជំនួយបរទេសកាន់តែខ្លាំង រួមទាំងការបញ្ឈប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ផងដែរ។
ហើយពាក់ព័ន្ធជាមួយនឹងបញ្ហានេះដែរ សម្ព័ន្ធប្រជាធិបតេយ្យ (DA) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូង និងជាសមាជិកនៃរដ្ឋាភិបាលរួបរួមជាតិដឹកនាំដោយ ANC បានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់នេះ ដោយចាត់ទុកវាថាជាការគំរាមកំហែងដល់សិទ្ធិអចលនទ្រព្យ និងការវិនិយោគបរទេសដែលត្រូវការច្រើន។
ចំណែកឯ DA ដែលទាញបានការគាំទ្រភាគច្រើនពីជនជាតិស្បែកស ឥណ្ឌា និងអាហ្វ្រិកខាងត្បូងពហុជាតិសាសន៍ ក៏បានសម្តែងការព្រួយបារម្ភអំពីការគំរាមកំហែងរបស់លោក Trump និងបានបដិសេធការផ្តល់យោបល់ថាច្បាប់អនុញ្ញាតឱ្យមានការរឹបអូសយកដី "តាមអំពើចិត្ត"។

