
រដ្ឋាភិបាលនៃរដ្ឋ Tabasco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្តក្រុងនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ដែលបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ម្សិលមិញនេះ បានសម្លាប់មនុស្សចំនួន 41 នាក់។
យោងតាមអាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្តក្រុងដែលផ្ទុកមនុស្ស ៤៨នាក់ បានបុកជាមួយរថយន្តដឹកអ្នកដំណើរ បណ្តាលឲ្យស្លាប់អ្នកដំណើរចំនួន ៣៨នាក់ និងអ្នកបើកបរចំនួន ២នាក់ទៀត។
ក្នុងចំណោមជនរងគ្រោះទាំងនោះ អ្នកបើកបររថយន្តដឹកដីម្នាក់ក៏បានស្លាប់ផងដែរ។
តាមការបញ្ជាក់របស់អាជ្ញាធរម៉ិកស៊ិកបានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុ ស្ថានភាពរថយន្តក្រុងបានឆេះទាំងស្រុង បន្ទាប់ពីវាត្រូវបានឆាបឆេះដោយអណ្តាតភ្លើងបន្ទាប់ពីការបុក ដោយនៅសល់តែគ្រោងឆ្អឹងនៃស៊ុមដែកទុកចោលប៉ុណ្ណោះ។
ហើយពេលនេះ គេប្រទះឃើញ ត្រឹមតែលលាដ៏ក្បាលមនុស្សចំនួន ១៨ ប៉ុណ្ណោះដែលបានរកឃើញនៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែនៅមានអ្នកដំណើរជាច្រើននាក់ទៀតដែលកំពុងតែបាត់ខ្លួននិងស្ថិតក្រោមការស្វែងរកនិងត្រួតពិនិត្យពីអាជ្ញាធរម៉ិកស៊ិក។

