
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគី ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់និងបានប្តេជ្ញាចាត់វិធានការតបត រួមទាំងការអភិវឌ្ឍបន្ថែមទៀតនៃកងកម្លាំងនុយក្លេអ៊ែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិកនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ សមយុទ្ធសង្គ្រាម និងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងទាក់ទាញអតុល្យភាពយោធានៅក្នុងតំបន់ និងបង្កើនបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខ។
លោក Kim បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកដល់ថ្ងៃបង្កើតកងទ័ពរបស់ខ្លួនថា កូរ៉េខាងជើងមិនចង់បានភាពតានតឹងដែលមិនចាំបាច់នៃស្ថានភាពក្នុងតំបន់នោះទេ ប៉ុន្តែលោកនឹងចាត់វិធានការឆ្លើយតបប្រកបដោយនិរន្តរភាព ដើម្បីធានាតុល្យភាពយោធាក្នុងតំបន់របស់លោក។
ក្នុងនោះប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba លោកបាននិយាយថា លោកនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូចដែលពួកគេបានសម្តែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងដូច្នោះដែរ។
ហើយចំពោះជុំវិញសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែន លោក គីម បាននិយាយថា “កងទ័ព និងប្រជាជនកូរ៉េខាងជើងនឹងគាំទ្រជានិច្ច ក៏ដូចជានឹងលើកទឹកចិត្តដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់កងទ័ពនិងប្រជាជនរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដី ដោយគោរពតាមស្មារតីនៃសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៊ី”។
សូមបញ្ជាក់ថា កាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានសង្ស័យកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ីបន្ថែមពីលើទាហានប្រហែល 11,000 ដែលត្រូវបានបញ្ជូនសម្រាប់សង្រ្គាមរយៈពេលបីឆ្នាំ។
នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ ដែលបានចេញផ្សាយនៅពេលក្រោយកាលពីថ្ងៃអាទិត្យ KCNA របស់កូរ៉េខាងជើងបានរិះគន់ម្តងទៀតអំពីសកម្មភាពយោធារបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកនៅឆ្នាំនេះ ហើយបានព្រមានថាសកម្មភាពឈ្លានពាននឹងត្រូវបានបំពេញដោយផលវិបាកដែលមិនចង់បាន។

