2025-02-10 11:01
95

រដ្ឋធានីសេអ៊ូល៖ ស្របពេលសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កំពុងតែតានតឹងយ៉ាងខ្លាំងជាមួយនឹងមហាយក្សចិន និងបណ្ដាប្រទេសផ្សេងៗទៀតចាប់តាំងពីប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក បានឡើងកាន់តំណែងអាណត្ដិទី២របស់គាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រហូតមក ឥឡូវភាគហ៊ុនរបស់ក្រុមផលិតដែកថែបជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ក្រោយពេលលោក ដូណាល់ ត្រាំ បានប្រកាស អំពីពន្ធថ្មីសម្រាប់ប្រទេសសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីបូព៌ាមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតដែកថែបជាច្រើនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ កាលពីព្រឹក ថ្ងៃចន្ទ ក្រោយពេលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា គាត់នឹងបង្ហាញពន្ធថ្មី ចំនួន២៥ភាគរយ។

ភាគហ៊ុនរបស់ក្រុមហ៊ុន POSCO Holdings បានធ្លាក់ចុះ៣,៦ភាគរយ មកនៅត្រឹម ២៣០ ៥០០វ៉ុន (Won លុយកូរ៉េខាងត្បូង) ហើយនេះជាការធ្លាក់ចុះដ៏ទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២២ រហូតមក។ 

ស្របគ្នានេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែប Hyundai Steel បានធ្លាក់ចុះដល់ទៅ២,៩ភាគរយ។ នេះក៏ការធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រារបស់ខ្លួន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា គាត់នឹងប្រកាស នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ អំពីពន្ធថ្មីចំនួន២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ចូលមកកាន់សហរដ្ឋអាមេរិក ដែលនឹងយកពន្ធលើលោហៈដែលមានស្រាប់នៅក្នុងការកើនឡើងដ៏សំខាន់មួយទៀត សម្រាប់ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់គាត់។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះដោយក្រុមហ៊ុន Hyundai Motor បានធ្លាក់ចុះ ០,៧ភាគរយ និងក្រុមហ៊ុន Kia Corp បានធ្លាក់ចុះ ២ភាគរយ ខណៈសន្ទស្សន៍ KOSPI បានធ្លាក់ចុះ ០,៥ភាគរយ៕