2025-02-10 11:09
101

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ និងទាហានក្រុងមូស្គូ ដោយស្ថិតក្នុងការមិនឈ្នះមិនចាញ់ ហើយសុទ្ធតែនៅក្រាញននៀលរៀងៗខ្លួន ឈានចូលដល់ជិតខួបគម្រប់៣ឆ្នាំនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងអំពីការចរចាគ្នាជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បើតាមសារព័ត៌មាន New York Post បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា គាត់បានចរចាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អំពីការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ 

នេះការទទួលស្គាល់នូវការសន្ទនាគ្នាជាផ្លូវការលើកទី១ រវាងមេដឹកនាំវិមានក្រឹមឡាំង និងប្រធានាធិបតីសហរដ្ឋអាមេរិកចាប់តាំងពីដើមឆ្នាំ២០២២ រហូតមក។

បើទោះជាយ៉ាងណាក៏ដោយ បណ្ដាមេដឹកនាំមួយចំនួននៅអឺរ៉ុបនៅតែមានការសង័្សយ អំពីការចរចាយ៉ាងសម្ងាត់ណាមួយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ីជុំវិញបញ្ហាជាច្រើន ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ៊ុយក្រែន និងតំបន់អឺរ៉ុប។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់សន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០២៤ ថា គាត់នឹងបញ្ចប់សង្រ្គាមនៅលើទឹកដីរបស់អ៊ុយក្រែននៅក្នុងរយៈពេលខ្លីបំផុត ក្រោយពេលគាត់ឡើងកាន់តំណែងជាថ្មី។ 

ប៉ុន្ដែចាប់តាំងពីពេលនោះរហូតមក លោកប្រធានាធិបតី នៅមិនទាន់បានប្រកាសជាសាធារណៈ អំពីរបៀបដែលគាត់នឹងត្រូវដោះស្រាយបញ្ហាបញ្ចប់ជម្លោះនេះនៅឡើយ។

លោកប្រធានាធិបតីបានបញ្ជាក់កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុងតែពិភាក្សាគ្នាទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន អំពីការដោះស្រាយបញ្ចប់ជម្លោះនេះ ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់រាយការណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកប្រធានាធិបតី ពូទីន បើកចំហសម្រាប់ការពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្ដិភាពនៅអ៊ុយក្រែនជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ 

ប៉ុន្ដែមេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានច្រានចោលនូវការធ្វើសម្បទានដែនដីដ៏ធំណាមួយ ដែលកងកម្លាំងទាហានរុស្ស៊ីបានរឹបអូសយកប្រគល់ទៅឲ្យរដ្ឋាភិបាលក្រុងកៀវវិញ។ បន្ថែមពីលើនេះលោក ពូទីន បានទាមទាឲ្យអ៊ុយក្រែន បោះបង់នូវមហិច្ឆតារបស់ក្រុងកៀវនៅក្នុងការចូលរួមជាមួយនឹងអង្គការសម្ពន្ធមិត្តយោធាណាតូ។

អ៊ុយក្រែន និងសម្ពន្ធមិត្តលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ី ជាការដណ្ដើមយកដែនដីតាមបែបផែនចក្រពត្ដិនិយមហើយពួកគេបានប្ដេជ្ញាយកជ័យជម្នះលើកម្លាំងទាហានរុស្ស៊ី។

ចាប់តាំងពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ីកំពុងតែគ្រប់គ្រងដែនដីមួយផ្នែកធំរបស់ប្រទេសអ៊ុយក្រែន ដោយមានទំហំដីប្រហាក់ប្រហែលនឹងទឹកដីរបស់រដ្ឋវីជីនៀ (Virginia) របស់សហរដ្ឋអាមេរិកដែលមានទំហំជាង១១០ ០០០គីឡូម៉ែត្រការ៉េ៕