
(កំពត) ៖ កាលពីរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក សុខ កៅ ប្រធានសហគមន៍នេសាទកំពង់សាមគ្គីបានប្រាប់ឲ្យដឹងថាក្នុងសហគមន៍ទោះបីជាសហគមន៍ដែលបានរៀបចំជាតំបន់អេកូទេសចរណ៍ធម្មជាតិក្រោយគេមួយកន្លែងនេះហើយមិនទាន់រួចរាល់១០០ ភាគរយក៏ពិតមែនប៉ុន្តែទទួលបានពីការគាំទ្រ និងមកលេងលម្ហែកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានមកកម្សាន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះសហគមន៍កំពុងសាមគ្គីមួយនេះមានសម្រស់ទេសភាពស្អាតហើយមានខ្យល់អាកាសបរិសុទ្ធហើយនិងមានសកម្មភាពកន្លែងធម្មជាតិកម្សាន្តជាច្រើន
សហគមន៍នេសាទកំពង់សាមគ្គីជាសហគមន៍ធំជាងគេមួយនៅខេត្តកំពត ដែលសំបូរដោយធនធានសមុទ្រ កំពង់សាមគ្គីត្រូវបានរៀបចំជាតំបន់អេកូទេសចរណ៍ក្រោយគេក៏ពិតមែន ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងមកលេងកម្សាន្តពីភ្ញៀវច្រើនឡើងៗ។
ដើម្បីបំពេញតម្រូវការភ្ញៀវលោក សុខ កៅ ប្រធានសហគមន៍ និងអាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូបាននិងកំពុងខិតខំអភិវឌ្ឍន៍សហគមន៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវឲ្យបានកាន់តែច្រើន។
អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ អេដ អេ អាកស្យុងប្រចាំតំបន់ឆ្នេរ លោក ម៉ាត់ ត្រហេត បានបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យទេសចរណ៍របស់សហគមន៍ អង្គការលោកបាននឹងកំពុងខិតខំជួយ អភិវឌ្ឍន៍លើហេដ្ឋរចនាសម្ព័ន្ធ និងជួយពង្រីកសេវាកម្មមួយចំនួន។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ លោក ពិសុទ្ធ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា សហគមន៍កំពង់សាមគ្កីពិតជាទីដ៏ឲ្យចង់មកដើរលេងកម្សាន្ត និងស្នាក់នៅខ្លាំងណាស់។
សមាជិកប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ លោក អំ តារា បានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូកំពុងរួមដៃគ្នា ធ្វើយ៉ាងណាប្រែក្លាយសហគមន៍នេះ ឲ្យទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ និងជាគោលដៅទេសចរណ៍សំខាន់របស់ស្រុកទឹកឈូ។
សហគមន៍កំពង់សាមគ្គីមានទីតាំងនៅក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់បច្ចុប្បន្នសហគមន៍មានសមាជិក៤០៣គ្រួសារ មានផ្ទៃដី៥៧៧ហិកតា ចែកជា៤តំបន់ មាន៖ តំបន់នេសាទទឹករាក់សម្រាប់ការនេសាទលក្ខណៈគ្រួសារ មានវាលខ្សាច់និងវាលភក់ ៤៦, ៤៥ហិកតា ព្រៃកោងកាង៧២ហិកតា និងស្មៅសមុទ្រ៥០ហិកតា។(សឹង រ៉ាត់)

