2025-07-14 10:51
17

កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយមាស៤ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)  បានថ្លែងថា៖ «ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីរួមចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ស្ថេរភាព ទប់ស្កាត់បទល្មើសយោធា បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ដោយសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ»។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «កងរាជអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទដែលទទួលបានការអប់រំ ហ្វឹកហ្វឺន ជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ និងជំនាញយោធាច្បាស់លាស់។ ដូច្នេះកងរាជអាវុធហត្ថមានតួនាទីយ៉ាងសំខាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាខឿនការពារជាតិ និងខឿនសន្តិសុខដ៏រឹងមាំសម្រាប់ប្រទេសជាតិ»។

នាយឧត្តមសេនីយ៍ផ្កាយមាស៤ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា៖ «ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សរ៍ អំពើប្រល័យពូជសាសន៍ និងត្រូវបានគេហ៊ុំព័ន្ធការលំបាក់ និងទទួលរងការប្រមាថមើលងាយយ៉ាងច្រើនពីអតីតកាល ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ដូច្នេះកម្ពុជាចង់បានបំផុត គឺ “ព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍” កម្ពុជាគ្មាននយោបាយ ឬ ជំហអមិត្តជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយសកម្មភាពវាយប្រហារពីសំណាក់កងទ័ពថៃមកលើកកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់មុំបី លើទឹកដីកម្ពុជា គឺជាការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ»។

សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ បានចាត់ទុកថា ព្រឹត្តិការណ៍នៃឈ្លានពានពីយោធាថៃមកលើអធិបតេយ្យរបស់កម្ពុជានេះ  គឺបានឆ្លុះបញ្ចាំងពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីកម្ពុជាមានសុឆន្ទះច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «កម្ពុជាធ្លាប់បានបាត់បង់ទឹកអស់ច្រើនណាស់មកហើយពីការឈ្លានពានពីបរទេស យើងប្តូរផ្តេចការពារបូរណភាពទឹកដីបច្ចុប្បន្នដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ឱ្យនៅស្ថិតស្ថេរជានិរន្តមិនឱ្យបាត់បង់សូម្បី១មីលីម៉ែត្រ»៕