2025-07-14 18:42
15

ភ្នំពេញ៖ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយផ្ដោតទៅលើ២ ចំណុចសំខាន់ គឺ សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៣៣ នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា៖ «គ្មានពលរដ្ឋខ្មែរណាមួយត្រូវដកសិទ្ធនោះទេ ប្រសិនបើបុគ្គលនោះមិនបានប្រព្រឹត្តទង្វើក្បត់ជាតិចូលដៃជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិសាសន៍ខ្លួនឯង មិនចាំបាច់ភ័យខ្លាចនោះទេ»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រថា៖ «អ្វីទៅជានិយមន័យនៃការក្បត់ជាតិ? មិនមែនជាសិទ្ធិនៃការបញ្ចេញមតិ មិនមែនសិទ្ធិបញ្ចេញមតិជំទាស់ ឬធ្វើជាបក្សប្រឆាំងនោះទេ គឺវាស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ ប៉ុន្ដែទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ»។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «អ្នកដែលបានឃុបឃិតជាមួយបបរទេសទាំងឡាយ ទើបជាគោលដៅក្រៅពីនោះយើងត្រូវឃើញពីវិសាលភាពតើអ្នកទាំងឡាយមានបានគិតទេ។ យើងបានធ្វើសញ្ជាតិតូបនីយកម្ម ដែលឥឡូវនេះមានរាប់សិបសញ្ជាតិបរទេសដែលបានចូលសញ្ជាតិខ្មែរ យើងមានសិទ្ធិត្រឹមតែបញ្ចូលគេ ប៉ុន្ដែអត់មានសិទ្ធិដើម្បីដកគេទេ។ អញ្ចឹងអស់លោកតែងតែគិតអំពីរឿងហ្នឹង ឥឡូវរាជរដ្ឋាភិបាលយើងបានដើរដល់ចំណុចនេះហើយ។ ជនជាតិបរទេសមួយចំនួនគេបានចូលសញ្ជាតិយើង ប៉ុន្ដែគេបានទៅបម្រើបរទេសហើយប្រឆាំងយើងតែយើងគ្មានសិទ្ធធ្វើទណ្ឌកម្មចំពោះការតាមរយៈការដកសញ្ជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «មានជនបរទេសមករស់នៅស្រុកខ្មែរ និងបានចូលសញ្ជាតិខ្មែរ ហើយបានប្រមូលយកព័ត៌មានពីកម្ពុជាផ្តល់ទៅឱ្យបរទេស តើត្រូវធ្វើម៉េច? ពិតហើយអ្នកទាំងនេះមិនបាច់ដកសញ្ជាតិទេ បើនៅស្រុកខ្មែរត្រូវចាប់ដាក់គុកតែម្តង។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ពួកគេរត់ទៅរស់នៅបរទេសបន្ទាប់ពីធ្វើវិទ្ធង្សនា ឬភេវកម្ម»។

ប្រធានព្រឹទ្ធសភាកម្ពុជា បានសង្កត់ធ្ងន់ថា៖ «យើងមិនមែនចេះតែដើរដកសញ្ជាតិអ្នកនេះ ដកសញ្ជាតិអ្នកនោះទេ ត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់មានចែងក្នុងច្បាប់ស្តីពីការដកសញ្ជាតិ។ អ្នកទាំងឡាយមានចាំបានទេប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា ដែលលោកម្ចាស់មានផ្ទះនៅខេត្តបាត់ដំបងសព្វថ្ងៃ ដែលថៃមកជួសជុលហើយនាំខេត្តមួយចំនួនរបស់ខ្មែរចូលភ្ជាប់ជាមួយដែនដីរបស់សៀម ព្រោះវាធ្លាប់បានកើតមានមួយម្តងរួចហើយម្តងទៀត។ លើកនេះដរាបណាព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ដោះស្រាយរួចរាល និងបោះបង្គោលព្រំដែនចប់រឿងងាយកើតមាន និងផុសស្រួយណាស់ការប៉ះទង្គិចគ្នា ជាពិសេស ៤ចំណុច គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «យើងពិនិត្យមើលតើអ្នកណាឃុបឃិតចូលដៃជាមួយថៃ នាពេលនេះ អ្នកហ្នឹងហើយនឹងទទួលផលនេះ ហើយក៏មានអ្នកនយោបាយក្នុងប្រទេសថៃមួយចំនួនបានឱ្យពួកនេះមករៀបចំបង្កើតកម្លាំងប្រដាប់អាវុធក្នុងប្រទេសថៃ ដើម្បីប្រឆាំងកម្ពុជា ត្រង់ចំណុចនេះ ទី១៖ គោលការណ៍អាស៊ានស្ថិតនៅត្រង់ណា? និង ទី២ តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំកម្លាំងចោលទេ។ រឿងសិទ្ធិមនុស្សសូមទៅសួរ ១៥០ ប្រទេសលើពិពភលោកដែលមានច្បាប់ដកសញ្ជាតិវាយ៉ាងម៉េច? ប្រទេសទាំងនោះគោរពសិទ្ធិមនុស្ស ឬ ក៏អត់ អាចសួរទៅអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប»។

សម្តេចតេជោបានបន្ថែមទៀតថា៖ «គ្រាន់តែបង្កើតឱ្យមានច្បាប់ដកសញ្ជាតិដល់ថ្នាក់គេចោទមកលើកម្ពុជាថាជាប្រទេសប្រល័យពូជសាសន៍ អញ្ចឹងប្រទេសដែលមានច្បាប់ដកសញ្ជាតិរួចហើយក្នុងអាស៊ានមាន ៩ប្រទេសរួចទៅហើយមានច្បាប់ដកសញ្ជាតិ ហើយប្រទេសទាំងនេះបានប្រល័យពជូសាសន៍ហើយ ឬនៅ? គ្រាន់តែលោកតាស៊ុចនិយាយប៉ុន្មានម៉ាត់ ត្រូវថៃដកសញ្ជាតិអ្នកដទៃធ្វើបាន ចុះហេតុអ្វីខ្មែរធ្វើមិនបាន? អញ្ចឹងអ្នកទាំងឡាយណាមិនចង់បាត់បងសញ្ជាតិសូមកុំធ្វើទង្វើដែលទាក់ទងការក្បត់ជាតិដោយឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯងឱ្យសោះ»៕