2025-07-14 13:12
18

កំពង់ឆ្នាំង៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយមាស៤ បានថ្លែងថា៖ ថ្មីៗនេះមេដឹកនាំនយោបាយថៃ និងកងទ័ពថៃ បានប្រកាសជាឯកតោភាគីថា «តំបន់ប្រាសាទតាមាន់ធំ គឺស្ថិតក្នងទឹកដីរបស់ថៃ ដោយដៃម្ខាងទាមទាថាតំបន់នេះមិនទាន់ដោះស្រាយគ្នាដាច់ស្រេច ត្រូវប្រើយន្តការធ្វេភាគី ប៉ុន្តែដៃម្ខាងទៀត បានប្រកាសឯកតោភាគី ប្រើប្រាស់ផែនទីគូសដោយឯកតោភាគីជាផ្លូវការដោយអ្នកនយោបាយជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ រួមទាំងកម្លាំងយោធាថៃ រហូតឈ្លោះជាមួយក្រុមហ៊ុន Google ថែមទៀត នេះអាចបញ្ជាក់យ៉ាងច្បាស់ថាភាគីថៃបានប្រកាសជាឯកតោភាគីរួចទៅហើយ»។

សម្តេចធិបតី នាយកដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «អញ្ចឹង ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាមានតែរកភាគីទី៣ គឺជ្រើសរើងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ត្រង់ចំណុចរសើបទាំង៤នេះ ព្រោះមានតែតុលាការទេ ទើបមានភាពសុក្រិត្យ យុត្តិធម៌ ផ្នែកលើច្បាប់អន្តរជាតិ ទោះបីជាភាគីថៃ ប្រកាសបដិសេធយុត្តាធិការតុលាការអន្តរជាតិក៏ដោយ កម្ពុជាសង្ឃឹមថា នៅថ្ងៃណាមួយនឹងមានការឯកភាពគ្នា ដើម្បីបញ្ចប់វិវាទបញ្ហាព្រំដែននេះ កុំឱ្យបន្តដល់កូនចៅជំនាន់ក្រោយមានការលំបាកទៀត»។

សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «អំពីបញ្ហាជម្លោះព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបន្តដំណើរទៅមុខអត់ដកថយទេ គឺបានប្រកាសប្រាប់ទៅអន្តរជាតិ និងអង្គការសហប្រជាតិអស់ហើយ ព្រមទាំងបានបញ្ជូនឯកសារផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិរួចរាល់ និងបានរៀបចំក្រុមអ្នកច្បាប់ ដើម្បីធ្វើកិច្ចការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់បំផុត មិនមែនជាការលេងសើចនោះទេ»។

ប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ថាសារជាថ្មីថា៖ «កម្ពុជារក្សាជំហយន្តការធ្វេភាគីក្នុងការបន្តដោះស្រាយការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រវែងជាង ៨០០ គីឡូម៉ែត្រ នៅបន្តធ្វើលើកលេងតែតំបន់ទាំង៤ ខាងលើនេះ កម្ពុជាត្រូវតែជ្រើសរើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ចប់ភាពស្រពិចស្រពិល យន្តការដោះស្រាយធ្វេភាគីមិនអាចទៅមុខរួចទេ ព្រោះតែភាគីថៃ បានប្រកាសជាឯកតោភាគីថាជារបស់ខ្លួនទៅហើយ»៕