
កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ (ចាស់) ប្រវែងប្រមាណជាង ២០០ម៉ែត្រ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ ដោយសារទឹកស្ទឹងក្រាំងពន្លៃហក់ឡើងខ្ពស់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ។
តាមសេចក្តីរាយការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធរស្រុក បានដាក់គ្រឿងចក្រ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងធ្វើឲ្យទឹកស្ទឹងក្រាំងពន្លៃ ដែលហក់ឡើងបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ (ចាស់) ប្រវែងប្រមាណ២០០ម ជម្រៅ០,២០ម ត្រង់ PK៣៩+៩០០ ដល់PK៤០+១០០ ស្ថិតក្នុងភូមិចន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
ក្រុមការងារជំនាញ និងអាជ្ញាធរ បានរៀបបាវច្រកដីទប់ទឹក ដើម្បីកុំឲ្យទឹកហូរច្រោះដាច់ផ្លូវហើយបច្ចុប្បន្នចរាចរណ៍រថយន្តគ្រប់ប្រភេទអាចធ្វើដំណើរបានធម្មតាគ្មានបញ្ហានោះទេ៕


