2025-09-05 16:22
16

(កំពត) នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាយើងមានរហូតមកដល់សព្វថ្ងៃនេះ គឺបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ។

អភិបាលខេត្តបានលើកឡើងថាក្រោមម្លប់សន្តិភាពនេះដែរក៏បានផ្តល់នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាងដល់ពលរដ្ឋ ដែលមានដូចជា ដីធ្លី ផ្ទះសំបែង កន្លែងលក់ដូរជាដើម។ល។ រួមនឹងការរស់នៅប្រកបដោយភាពសុខសាន្ត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិឈ្លីតលើ  និងភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ភូមិឈ្លីតក្រោមនិងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ដែលពិធីនេធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាឈ្លីតក្រោម ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា អស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លីមិនអស់សក្តានុពលនៃដី។

ប្រការនេះបណ្ដាលមកពីប្រទេសជាតិយើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្ដែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ភ្លាមៗ ប្រជាពលរដ្ឋក៏នៅពុំទាន់មានកម្មសិទ្ធិលើដីស្រែចម្ការ និងសង់លំនៅឋាននៅឡើយ ហើយការប្រើប្រាស់ដីកសិកម្មនាពេលនោះមានលក្ខណៈជាការប្រវាស់ដៃ នៃក្រុមសាមគ្គីបង្កបង្កើនផល ព្រោះនៅក្នុងពេលនោះប្រជាពលរដ្ឋភាគច្រើនមានកម្លាំងមិនគ្រប់គ្រាន់ គ្រួសារខ្លះគ្មានមនុស្សប្រុសជាជំហរ ខ្វះកម្លាំងអូសទាញ ឧបករណ៍ សម្ភារៈ គ្រាប់ពូជ និងជីជាដើម ហើយផ្ទៃដីមួយភាគធំនៅមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនក្នុងភូមិសាស្រ្តដែលធ្លាប់មានការប្រយុទ្ធគ្នានាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។

ហើយម្លប់នៃសន្តិភាពនេះ បានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសមានកម្មសិទ្ធិស្ទើគ្រប់យ៉ាងនូវអ្វីដែលខ្លួនមាន រស់នៅយ៉ាងសុខសាន្ត ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ពិសេសការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដើម្បីប្រើប្រាស់ និងការទាញយកប្រយោជន៍ពីដីធ្លីឱ្យអស់សក្តានុពលនៃដី និងឈានទៅបញ្ជប់វិវាទដីធ្លីនៅទូទាំងប្រទេស។

បើយោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ មានការចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ភូមិ  គឺភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ក្បាលដី ស្មើនឹង ១.៦៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៧១គ្រួសារ រួមនឹងការចែកបណ្ណពន្ធសូន្យដល់ពលរដ្ឋចំនួន ១៤.៤០៧បណ្ណផងដែរ។​​ (សឹង រ៉ាត់)