2025-09-05 16:04
119

ខេត្តកណ្ដាល៖ ភូមិព្រែកតាមាក់ ដែលត្រូវបានឧទេសនាមថា ព្រែកតាមាក់ភូមិខ្ញុំស្រស់ឆើតឆាយ ពេលនេះបានក្លាយជាភូមិអណាធិបតី ក្រោមដៃក្រុមចោរហារយ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងរស់នៅក្នុងភាពភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង ខណៈដែលក្រុមចោរនិន្ចាចេញលួចយ៉ាងសកម្ម មិនថារបស់មានតម្លៃ ឬក៏ខោ-អាវក្នុង ដែលហាលនៅក្រោយផ្ទះក៏ក្រុមចោរដាច់ដាបទាំងនោះលួចគ្មានប្រណីដៃដែរ។ យ៉ាងណា ជុំុវិញរឿងរ៉ាវដ៏រសើបនេះ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចបុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ដែរ ប៉ុន្តែ ហាក់គ្មានចំណាត់ការទាល់តែសោះ...។

គួរជម្រាបថា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាតំបន់ទីប្រជុំជនមានភាពរីកចម្រើនឥតឈប់ឈរ និងជាតំបន់សក្កតានុពលខ្លាំងទាំងផ្នែកសេដ្ឋកិច្ច ព្រោះទីនេះមានស្ពានព្រែកតាមាក់ តភ្ជាប់ពីផ្លូវជាតិលេខ៦អា ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅផ្លូវជាតិលេខ៨ ដោយតភ្ជាប់ដល់ព្រំប្រទល់ប្រទេសវៀតណាម ជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ជីវភាពពលរដ្ឋរស់នៅតំបន់ស្រុកខ្សាច់កណ្ដាលទាំងមូល បានប្រែក្លាយជីវភាពពីអ្នកធ្វើស្រែចម្ការ ក្លាយជាអ្នកបម្រើការងារតាមរោងចក្រសហគ្រាស ក្រុមហ៊ុនឯកជន ឬបើកអាជីវកម្ម និងអាជីរករផ្ទាល់ខ្លួនស្ទើរគ្រប់ខ្នងផ្ទះ។

ប៉ុន្តែ មួយរយៈចុងក្រោយនេះ ស្រុកខ្សាច់កណ្ដាល ពិសេសភូមិព្រែកតាមាក់ ហាក់មានបញ្ហាអសន្តិសុខកើតមានឡើងជាបន្តបន្ទាប់ ធ្វើឱ្យពួកគេព្រួយបារម្ភយ៉ាងខ្លាំង។ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អង្គភាព MSJ ដោយសូមលាក់អត្តសញ្ញាណ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា មួយរយៈនេះមានក្រុមចោរហារយ ចូលលួចទ្រព្យសម្បត្តិដល់ក្នុងផ្ទះរបស់ពួកគាត់ទាំងថ្ងៃទាំងយប់ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។

ប្រភពបានបន្តថា ស្របពេលពួកគាត់មមារញឹកជាមួយការលក់ដូរ ឬចូលបន្ទប់ទឹក ផ្ទះបាយតែមួយភ្លែត ម៉ូតូ កាបូបលុយ ទូរសព្ទដៃ សកម្មភាពទាក់សត្វសុនខ(ទាក់ឆ្កែ) ឬរបស់មានតម្លៃផ្សេងៗ តែងកើតមានរហូត។ ជាងនេះទៅទៀត សូម្បីតែខោលីអូ អាវទ្រនាប់ ជាដើមក៏ពួកចោរហារូយទាំងនោះលួចផ្លោះរបងចូលមកលួចទាំងកណ្ដាលថ្ងៃក៏មានដែរ។ ប្រភពបានបញ្ជាក់ថា ក្នុងគ្រាដែលបាត់របស់របរនេះ គឺមានជនដែលគួរឱ្យសង្ស័យបានលេចមុខជាបន្តបន្ទាប់ គេតែងជិះម៉ូតូធ្វើសកម្មភាពជិះល្បាតមើលគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋនៅភូមិព្រែកតាមាក់ជារៀងរាល់ថ្ងៃ មិនដឹងថាមកក្នុងគោលបំណងអ្វីអោយពិតប្រាកដ។ ណាមួយពួកគាត់ក៏មិនមានសិទ្ធិឃាត់សួរនាំដែរ ព្រោះគ្មានភ័ស្តុតាង។

ក្រោយកើតមានហេតុការណ៍ក៏បានរាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានដែរ តែលោកប្រាប់វិញថា មកពីខ្លួនយើងខ្វះការប្រុងប្រយ័ត្ន!

ជុំវិញបញ្ហានេះ ពលរដ្ឋទទួលស្គាល់ថា ជាតួនាទីរបស់បុគ្គល ក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួនមែន។ ប៉ុន្តែ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សង្ឃឹមថា តាមរយៈការខ្សិបដំណឹងមកកាន់ស្ថានីយទូរទស្សន៍ MSJ នាពេលនេះ នឹងអាចដឹងឮដល់ដែនសមត្ថកិច្ចក្នុងមូលដ្ឋាន។ ពលរដ្ឋខាងលើ សង្ឃឹមជាក់យ៉ាងមុតម៉ាំថា អាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកវរសេនីយត្រី គោត សុគន្ធ មេប៉ុស្តិ៍នរគបាលរដ្ឋបាលព្រែកតាមាក់ ក្នុងនាមជាអណាព្យាបាលក្នុងមូលដ្ឋាននឹងមិនឈរឱ្យបដៃមើលពលរដ្ឋរស់នៅដោយភាពភ័យខ្លាចបែបនេះឡើយ ក៏សង្ឃឹមថានឹងមានវិធានការចាត់មន្ត្រីក្រោមឱវាទចុះល្បាតការពារនៅក្នុងមូលដ្ឋាន ដើម្បីការពារ ភូមិ ឃុំ សង្កាត់ មានសុខសុវត្ថិភាពជាក់ជាមិនខាន៕