
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានប្រកាសថានឹងចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី។ ការដាក់ចេញនូវវិធានការនេះ បន្ទាប់សង្កេតឃើញថា “មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗ”។
នៅថ្ងៃសុក្រ ទី០៥ ខែកញ្ញាំ ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីថ្លែងការរួម ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម។
ស្ថានប័នធំៗទាំងបីបានឱ្យដឹងថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ ក្រោមរូបភាព ដូចជា «លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ និងតាមអនឡាញ» ជាដើម។ ក្នុងនោះបុគ្គលមួយចំនួនថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។ សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា ២ បានចែងថា “ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារនិងហិរញ្ញវត្ថុត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធរអាណាព្យាបាលមុននឹងអាចផ្តល់សេវាកម្ម ជូនសាធារណជនបាន”។ ផ្អែកតាមមាត្រា ៥៥ បានកំណត់បញ្ជាក់ថា “បុគ្គលណាជាឯកត្តជនក្តី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពីមួយឆ្នាំ(១ឆ្នាំ) ដល់ប្រាំឆ្នាំ(៥ឆ្នាំ) និងពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛) ដល់ពីររយហាសិបលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់ គិតដល់ការបិទគ្រឹះស្ថានផង”។
ទន្ទឹមនេះ ការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាមប្រការ ៣៣ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន «ការធ្វើអាជីវកម្មបញ្ចាំ និង/ឬ អាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦(ប្រាំមួយ)ខែ ឡើងទៅត្រូវរងទទួលការផាកពិន័យពី ន.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។ ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាត អាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលរង ការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់ សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង»។
ដោយឡែក ការទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ សកម្មភាពពាណិជ្ជកម្ម ហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។ យោងតាមច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា ១២៩ «អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សបានឡើយ»។
ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមក្រើនរំលឹកជាថ្មីម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


