2025-09-08 10:24
11

កំពង់ឆ្នាំង៖ សិប្បកម្មកែច្នៃប្រេងខ្មៅចាស់ៗ ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ 

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា នៅខាងក្រៅសិប្បកម្មមានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម។ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់រោងចក្រ បានលើកឡើងពីការព្រួយបារម្ភចំពោះសុខភាព ដែលបានប៉ះពាល់ពីបញ្ហាក្លិន ចេញពីសិប្បកម្មកែច្នៃប្រេងខ្មៅនេះ។ សិប្បកម្មខាងលើពុំមានប្រព័ន្ធចម្រោះផ្សែងនោះទេ។ បើតាមការធ្វើតេស្តបឋមគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡសម្ងួត និងឡស្លប្រេងខ្មៅ ឃើញថា “កម្រិតសារធាតុ SO2 លើសស្ដង់ដារ”។

ប្រឈមនឹងបញ្ហាបរិស្ថានខាងលើ ក្រសួងបរិស្ថាន បានចាត់វិធានការចំពោះមុខ គឺតម្រូវឱ្យសិប្បកម្មបញ្ឈប់ការបញ្ចេញផ្សែងជាបន្ទាន់ទោះរូបភាពណាក៏ដោយ។ ជាមួយគ្នានេះ សិប្បកម្ម ត្រូវបំពាក់ប្រព័ន្ធចម្រោះសម្អាតផ្សែងចេញពីឡសម្ងួត និងឡស្លប្រេងខ្មៅ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដាកំណត់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។ 

លើសពីនេះ ម្ចាស់សិប្បកម្ម  ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់។ សិប្បកម្មខេងលើនេះ ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ១៥៦ មាត្រា ១៦១ មាត្រា ១៧៣ និងមាត្រា ៦៦៨   និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង៕