
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់បងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនបើមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះបើយោតាមសេចក្តីអំពាវនាវ និងជូនព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ។
ក្នុងសេចក្ដីអំពាវនាវដែលចុះហត្ថលេខា របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេសភាគច្រើន នឹងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម ទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយ។
ប៉ុន្តែបងប្អូនកម្មករ-និយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាពមមាញឹកទ្វេដង ក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សេចក្តីអំពាវនាវបញ្ជាក់ថា៖ “ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា មានការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនបើមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ”។
នៅក្នុងឱកាសនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករ-និយោជិត ផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ ខ្លួនបំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ
ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេល វេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។
ជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ មេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម របស់ខ្លួន៕
