
នេប៉ាល់៖ ទីបំផុត លោក Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ បានសម្រេចលាលែងពីតំណែង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បន្ទាប់ពីប្រឈមមុខនឹងសម្ពាធ ដោយសារមហាបាតុកម្ម ដែលកំពុងបង្កភាពវឹកវរពាសពេញប្រទេស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃអង្គារនេះ ជាមួយនឹងការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី របស់លោក Khadga Prasad Sharma Oli រដ្ឋមន្ត្រី ចំនួន ០៦ រូប ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ទីតាំងសម្ងាត់ ដើម្បីការពារសុវត្ថិភាព ខណៈស្ថានការណ៍កាន់តែឡើងកម្តៅពេញប្រទេស។
សូមជម្រាបថា បាតុកម្មដ៏ហិង្សាផ្ទុះយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនេប៉ាល់ បានឡើងបន្ទាប់ពីមានការហាមឃាត់បណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat ពីសំណាក់រដ្ឋាភិបាលប្រទេស ហើយក្រុមហ៊ុនបណ្តាញសង្គមទាំងនោះបានប្រកាសបដិសេធក្រោមការអនុវត្តច្បាប់ថ្មី។
ក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រី លោក K.P. Sharma Oli ថា «បានបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស»។
ចំពោះការតវ៉ាដ៏ក្តៅគគុលនេះ ត្រូវបានគេដាក់ឈ្មោះថា «Gen Z Protest» បានប្រែក្លាយជាអំពើហិង្សាឈានដល់ការសម្លាប់មនុស្សកើនដល់ប្រមាណជិត ២០នាក់ នៅពេលកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិត និងបំពង់បាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ នៅក្នុងទីក្រុង Kathmandu និងទីក្រុងដទៃទៀត នៃប្រទសនេប៉ាល់៕

