2025-09-09 12:14
22

ភ្នំពេញ៖ បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក កម្ពុជាបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជារដ្ឋភាគីទី៥៦ ក្នុងចំណោមប្រទេស ៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពី «ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ»។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា «ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពី ការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ របស់អង្គការសហប្រជាជាតិ បានបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានា ដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត»។ 

យោងតាមប្រសាសន៍របស់លោកមរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦ សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ និងកៀរគរធនធានក្រៅប្រទេសយកមកបម្រើឱ្យផលប្រយោជន៍ជាតិ»។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយចីរភាព សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ តាមព្រះរាជក្រមចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ច្បាប់នេះត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូង ចំនួន ១១៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។ បន្ទាប់មក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យនិងឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លើសេចក្តីស្នើច្បាប់នេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញា នីតិកាលទី៥។

ច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ មាន ៣ មាត្រា តាក់តែងឡើងក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាព នូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ឱ្យកម្ពុជាទទួលបាននូវការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ, ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញនិងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍សេដ្ឋកិច្ច, ការការពារ និងការអភិរក្សបរិស្ថានសមុទ្រ ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ, កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល, ការកសាង និងពង្រឹងសមត្ថភាព ដើម្បីរៀបចំអនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមមាត្រា ៨១២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងការវាយតម្លៃបរិស្ថាន ជាយុទ្ធសាស្ត្រ, កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ, ធនធានថវិកាពីមូលនិធិពិសេស ដែលមានប្រភពមកពីប្រទេសអភិវឌ្ឍ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ និងរដ្ឋដែនកោះតូចៗ សម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានសមុទ្រ៕