2025-09-10 11:24
10

ភ្នំពេញ៖ កាលពីយប់ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការចុះសួរសុខទុក្ខជាលើកទី២ របស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានទទួលព័ត៌មានថា «ទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា»។

ក្រសួងការពារជាតិ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា «ទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ ពួកគេមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា»។

លោក Jurg Montani បានបញ្ជាក់ដែរថា «ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ»។ 

លោក Jurg Montani បានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះមិនមាននរណាម្នាក់ ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

ពាក់ព័ន្ធករណីនេះ រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសក្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់ នោះវិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី៤៣ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជា បានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕