2025-10-20 10:06
16

កងទ័ពភូមិន្ទថៃ បានបញ្ជាក់ជាថ្មី ថា «ការដោះលែងទាហានកម្ពុជា ចំនួន ១៨ នាក់ គឺអាស្រ័យលើភាពស្មោះត្រង់ និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ក្រោមជំហរ ៤ ចំណុចរបស់ថៃ ក្នុងការស្តារសន្តិភាពតាមបណ្តោយព្រំដែន»។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer នៅរសៀល ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥។  

អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ទោ Winthai Suvaree បាននិយាយថា «ផែនការដែលបានរាយការណ៍ មានការដោះលែងទាហាន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានលើកឡើងដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានោះ មិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ»។ 

លោក Winthai បានបន្ថែមថា សម្រាប់ការដោះលេងទាហានកម្ពុជាទាំង១៨នាក់ វាអាស្រ័យលើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដកអាវុធធុនធ្ងន់ ប្រតិបត្តិការដោះមីន ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

លោកក៏បានសង្កត់ធ្ងន់ថា «ប្រទេសថៃ ឃុំខ្លួនទាហានកម្ពុជា ទាំង១៨រូប គឺស្របតាមស្តង់ដារអន្តរជាតិ និងមនុស៌្សធម ដោយកត់សម្គាល់ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានធ្វើទស្សនកិច្ចជាច្រើនដង ដើម្បីតាមដានស្ថានភាពរបស់ពួកគេ»។

សូមជម្រាបថា កាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា៖ «ក្នុងកិច្ចប្រជុំចរចាលើឯកសាររួមមួយ ដែលហៅថា “កិច្ចព្រមព្រៀងសន្តិភាព” ដែលរំពឹងថានឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលានេះ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមធ្វើជាសាក្សីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ដោយភាគីថៃថា នឹងដោះលេងកងកម្លាំងយោធាកម្ពុជា ចំនួន ១៨ រូប ដែលយោធាចាប់ខ្លួនយកឃុំឃាំងក្រោយបទឈប់បាញ់ចូលជាធរមានឆាប់ៗនេះ»៕