2025-10-20 13:53
14

ថៃ៖ ពលករថៃ ចំនួន ០៤នាក់ បានត្រូវបានទាហានថៃចាប់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនដោយខុសច្បាប់ពីព្រំដែនកម្ពុជា ត្រឡប់មកប្រទេសថៃវិញ។

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod នៅថ្ងៃទី១៩ តុលា បានឲ្យដឹងថា ទាហានថៃនៃកម្លាំងប៊ូរ៉ាផា បានចាប់ខ្លួនជនជាតិថៃ ចំនួន ០៤ នាក់ ដែលដើរឆ្លងកាត់ចម្ការអំពៅចម្ងាយ ១០០ ម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ។

ក្រោយការចាប់ខ្លួន និងសួរចម្លើយ ជនជាតិថៃទាំងនោះបានឆ្លើយសារភាពថា ពួកគេបានលួចឆ្លងដែនខុសច្បាប់ ចេញពីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា មកកាន់ប្រទេសថៃ ដោយជនសង្ស័យថៃទាំងនោះ បានលួចធ្វើការខុសច្បាប់ ជាអ្នកគ្រប់គ្រងគេហទំព័រលេងល្បែងតាមអ៊ីនធឺណិត ទទួលបានប្រាក់ខែចំនួន ៣ ម៉ឺនបាតក្នុងមួយខែ។ ហើយពួកគេបាននាំគ្នាភៀសខ្លួនត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីអាជ្ញាធរកម្ពុជា បានបើកការបង្ក្រាបករណីឆបោកតាមអនឡាញនៅកម្ពុជា៕