
ភ្នំពេញ៖ ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមប្រព័ន្ធវីដេអូ ជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ។ កិច្ចពិភាក្សានោះ កម្ពុជា និងម៉ារ៉ុក បានឯកភាពលើផែនទីបង្ហាញផ្លូវ ដើម្បីពង្រឹងភាពជាដៃគូពហុវិស័យ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត
រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ារ៉ុក នាពេលកន្លង មក ហើយបានពិភាក្សាអំពីវិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងភាពជាដៃគូថ្នាក់ស្ថាប័ននៅថ្នាក់ក្រោមជាតិ ដែលរួមមានការចង សម្ព័ន្ធមេត្រីភាពរវាងទីក្រុងនានានៃប្រទេសទាំងពីរ។ សមភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃកិច្ច សហប្រតិបត្តិការទ្វេភាគី ហើយទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗក្នុងវិស័យទាំងនេះនៅ ពេលខាងមុខ។
រដ្ឋមន្ត្រីទាំងពីរក៏បានលើកទឹកចិត្តឱ្យមានការទាក់ទងគ្នាជាទៀតទាត់រវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម ទេសចរណ៍ ថាមពល និងការដឹកជញ្ជូន ទាំងតាមរយៈការផ្លាស់ប្តូរទស្សន កិច្ចទៅវិញទៅមក ទាំងការជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា «នៅឆ្នាំ២០២៦ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីរយៈពេលបីទសវត្សរនៃទំនាក់ទំនងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា»។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញទំនុកចិត្តថា ឱកាសដ៏មានសារៈសំខាន់នេះនឹងដើរតួជាកម្លាំងចលករថ្មី មួយក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យដែលមានផលប្រយោជន៍រួម។ ក្នុងន័យនេះរដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នារៀបចំសកម្មភាពផ្សេងៗ ដើម្បីរំលឹកខួបនៃទំនាក់ទំនងការទូតដ៏មាន ក្រោយ រួមមានការរៀបចំកម្មវិធីសប្តាហ៍វប្បធម៌នៅក្នុងរាជធានីនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការគាំទ្រទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ដោយ លោក Nasser BOURITA បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ម៉ារ៉ុក សម្រាប់បេក្ខភាពរបស់កម្ពុជាជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងបេក្ខភាពរបស់កម្ពុជា ជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់ឆ្នាំ២០២៦-២០៣០។
ក្នុងស្មារតីគាំទ្រសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំក្រោយ លោក BOURITA បានប្រកាសថា «ប្រទេសម៉ារ៉ុកនឹងបង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំពី២០កន្លែង ទៅ៣០កន្លែង សម្រាប់និស្សិតកម្ពុជា ដែលបន្តការសិក្សានៅប្រទេសម៉ារ៉ុក ជាពិសេសផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ ជា ភាសាបារាំង»។ លោកបានបញ្ជាក់បន្ថែមថា «ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ារ៉ុកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ ដើម្បី បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ប្រទេសទាំងពីរ»។
រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដោយគូសបញ្ជាក់ថា «សន្តិភាព យុត្តិធម៌ និង ការគោរពគ្នាទៅវិញទៅមក នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់ស្ថិរភាព និងវិបុលភាពពិភពលោក»។
ឈ្លាតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីម៉ារ៉ុក អំពីការវិវត្តន៍ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះជម្លោះព្រំដែន កម្ពុជា-ថៃ។
បន្ទាប់ពីជំនួបនោះ ប្តីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវឆ្ពោះទៅ រកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ារ៉ុក នៅឆ្នាំ២០២៦ ខាងមុខ៕




