2025-10-22 19:57
16

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CAMFood & CAMHotel 2025) ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលំដាប់កំពូល ដែលស្ថិតក្នុងវិស័យស្នាក់នៅ វិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងជាវេទិកាជំនួបរវាងអាជីវកម្ម និងអាជីវកម្ម (B2B) ដ៏សំខាន់បំផុតមួយនៅកម្ពុជា។

ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ង្វៀន មិញ វូ ( Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា, លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជា និងម៉ាឡេស៊ី, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាណាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ជាង ២០០ រូប។ 

ថ្លែងក្នុងឱកាសនៃព្រឹត្តិការណ៍នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ការរៀបចំ ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥ នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវកត្តានូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាព   ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដែលជា      មូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងធានាដល់ភាពធន់នៃវិស័យទេសចរណ៍ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្ត និងកាន់តែធំជាងនេះទៀត ព្រោះព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កាវិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអនុវត្តអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅនឹងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ពិព័រណ៍ចូលរួមប្រមាណ ជាង ៣០០ស្តង់ មកប្រទេស ចំនួន ៩ រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, អាម៉េរិក, ចិន, សាធារណរដ្ឋ កូរ៉េ, អ៊ីតាលី, ហ្វាំងឡង់ និងសិង្ហបុរី ដោយរំពឹងទុកថានឹងមានអ្នកទស្សនា ប្រមាណ ១២.០០០នាក់៕