ថៃ៖ សមាជិកសភាភឿថៃ លោក Danuphorn Punnakanta ដែលជាប្រធានគណៈកម្មាធិការសភាប្រឆាំងការលាងលុយកខ្វក់ និងគ្រឿងញៀន បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែតុលាថា គណៈកម្មាធិការនេះ កំពុងពិនិត្យបើកផ្លូវស្រាវជ្រាវហិរញ្ញវត្ថុរបស់ លោក Chen Zhi ប្រធានក្រុមហ៊ុន Prince Holding Group នៅក្នុងប្រទេសថៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបង្កកទ្រព្យសម្បត្តិរបស់គាត់។
លោក Danuphorn បាននិយាយថា គណៈកម្មាធិការនេះ ជឿជាក់ថា លោក Chen Zhi អាចមានទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃ។ មន្ត្រីមកពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ការិយាល័យអគ្គមេធាវី និង Interpol ត្រូវបានអញ្ជើញឱ្យផ្តល់ព័ត៌មាន និងតាមដានការតភ្ជាប់ហិរញ្ញវត្ថុ របស់ លោក Chen Zhi រួមទាំងទំនាក់ទំនងដែលអាចកើតមានចំពោះអ្នកនយោបាយថៃ ដែលត្រូវបានចោទប្រកាន់ថា “ពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់តាមអ៊ិនធឺណិត” ផងដែរ។
លោក Danuphorn បានបន្ថែមថា ទោះបីស្ថានទូតកូរ៉េខាងត្បូង បានបដិសេធរបាយការណ៍សារព័ត៌មានមួយដែលយោងទៅលើការលើកឡើងរបស់នាយករដ្ឋមន្ត្រីប្រទេសនោះ ក៏ដោយ ក្រុមគណៈកម្មាធិការនឹងបន្តស៊ើបអង្កេតបញ្ហានេះតទៅ៕





