2025-10-27 20:26
8

គូឡាឡាំពួរ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ 

ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ 

ជាមួយនឹងប្រទេសឡាវ សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាម សម្ដេចបវរធិបតី បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ 

ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ ប្រទេស៣ គោលដៅ១ ។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។

មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕