បន្ទាយមានជ័យ៖ ចាប់ពីម៉ោង ១៩និង០០នាទី ដល់ម៉ោង ២០និង៣៥នាទី ថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បន្តបើកការវាយប្រហារសង្គ្រប់ទៅលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។
តាមប្រភពពីក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់ពីម៉ោង ១៩និង០០នាទី ដល់ម៉ោង ២០និង៣៥នាទី យោធាថៃ បានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវ ចំនួន ០៤ គ្រាប់ លើភូមិសាស្ត្របឹងត្រកួន។
ម៉ោង ២០និង១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់ នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិច ជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
ក្រសួងការពារជាតិ ចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងកម្លាំងរបស់កម្ពុជា បានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕



