2025-12-25 08:38
5

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំង ចំពោះសារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ ដែលបានយកលិខិតផ្លូវការរបស់កម្ពុជា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានី យកទៅផ្សព្វផ្សាយក្នុងលក្ខណៈដូចជាលិខិតបែកធ្លាយ និងបានបកស្រាយខ្លឹមសារលិខិតដោយមិនស្របតាមអត្ថន័យពិតប្រាកដឡើយ។

តាមរយៈបណ្តាញសង្គមផ្លូវការនាយប់ថ្ងៃទីពុធ ទី២៤ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរយ៉ាងដូច្នេះថា៖ «សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវ បានយកលិខិតផ្លូវការផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។ តែសម័យនេះហើយ មានទាំង Google Translate, ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបានតែអត្ថន័យដូចមិនមានខ្លឹមសារដូចដែរខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ»។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ 

ក្នុងន័យនេះ ភាគីកម្ពុជាឯកភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ដោយអនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកសេចក្តីស្នើដូចខាងក្រោម៖
១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹងកិច្ចប្រជុំវិសាមញ្ញ GBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខបណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ី បានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។

៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗ ចំនួន ០៤ ដូចខាងក្រោម៖
ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

ខ) ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

ឃ) ការពង្រឹងតួនាទីរបស់ ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀត ដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ៕