ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំមានរបៀបវារៈ ចំនួន ៤ ដែលទាក់ទងទៅនឹងការពិភាក្សា និងអនុម័តច្បាប់សំខាន់ៗក្នុងវិស័យអាកាសចរណ៍។
ក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗដូចជា៖
១- ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។
៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម។
កិច្ចប្រជុំរដ្ឋសភាពិភាក្សា និងអនុម័តរបៀបវីរៈទាំង៤ ខាងលើ បង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងវិស័យអាកាសចរណ៍ស៊ីវិល, ជួយពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយអាស៊ាន សហភាពអឺរ៉ុប និងចិន និងបង្កើនឱកាសសេដ្ឋកិច្ច និងទេសចរណ៍តាមផ្លូវអាកាស៕




