ភ្នំពេញ៖ ទង្វើយោធាថៃបន្តឈ្លានពានកម្ពុជា និងបានវាយប្រហារមិនរើសមុខរួមទាំងជនស៊ីវិលស្លូតត្រង់កម្ពុជា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ជនស៊ីវិលស្លូតត្រង់កម្ពុជា ស្លាប់កើនឡើងដល់ចំនួន ៣០ នាក់ និងរបួស ៨៧ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅយប់ថ្ងៃអង្គារនេះ។
គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មានពលរដ្ឋរបួស ០១ នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី០៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ ចំនួន ៣០ នាក់ (បូកបន្ថែមពលរដ្ឋភៀសសឹកដែលបានស្លាប់ សរុបចំនួន ០៩ នាក់ ជាបន្តបន្ទាប់នៅជំរំភៀសសឹកខេត្តសៀមរាប) និងរបួសចំនួន ៨៧ នាក់។
ចាប់តាំងមានសង្គ្រាមឈ្លានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា គិតសរុបពីថ្ងៃទី០៧ ខែធ្នូមក មានជនភៀសសឹកសរុប ៦៣៦.៥៣៦នាក់ ក្នុងនោះស្ត្រី ៣៣១.៧០៧ នាក់ និងកុមារ ២០២.៤៥៥នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះពលរដ្ឋ ១២៥ ខ្នង អគារឯកជន ០៦ ទីតាំង អគារស្នាក់នៅសណ្ឋាគារ ០៥ ទីតាំង ស្ថានីយ៍ប្រេង ០១ ទីតាំង រថយន្ត ២៧ គ្រឿង ម៉ូតូ ០១ គ្រឿង លានទិញដំឡូង ០១ កន្លែង អគារឃ្លាំងទំនិញ ០១ កន្លែង បង្គោលអង់តែនទូរសព្ទ ០២ កន្លែង។
ដោយឡែក ការខូចខាតទ្រព្យសម្បត្តិសាធារណៈរួមមាន សាលារៀន ០៦ កន្លែង មណ្ឌលសុខភាព ០២ កន្លែង អគារ ១២ កន្លែង វត្ត ០៥ កន្លែង សាលាឆទាន ០១ កន្លែង រថយន្ត ០១ គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន ០៥ កន្លែង ផ្សារ ០១ កន្លែង និងផ្លូវ ០២ កន្លែង។
មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់រួមមាន ស្ត្រីជាង ៥០% និងកុមារ ជាង ៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជា បន្តបន្ទាប់រួចទៅហើយ។
ជាក់ស្តែងនៅស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃនេះ កុមារតូចៗ និងសិស្សជាច្រើនរយនាក់ បានសម្រុករត់ចេញពីសាលារៀន ខ្លះវង្វេងឪពុកម្តាយ ព្រោះតែភិតភ័យដោយសារយន្តហោះថៃទម្លាក់គ្រាប់។
កម្ពុជានៅតែអំពាវនាវមិត្តបរទេស ជាពិសេស អាម៉េរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាពជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមជាស្ថាពរ នាំមកនូវសន្តិភាពជាអចិន្ត្រៃយ៍ ដែលជាបំណងប្រាថ្នា តាំងពីដើមរបស់កម្ពុជា។
ដូចជំហរកម្ពុជាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់ថា “កម្ពុជាចង់ដោះស្រាយជម្លោះ ការកំណត់ខ័ណ្ឌសីមាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការដែលមានស្រាប់”។
ក្រសួងមហាផ្ទៃ នៅតែបន្តកត់ត្រាទុក ដោយក្តីមោទនយ៉ាងក្រៃលែងបំផុត ដែលកូនខ្មែរគ្រប់រូប បានកំពុងបន្តរវេញស្មារតីប្រកៀកស្មា គាំទ្រយុទ្ធសាស្រ្តការពារជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។
មហាកម្លាំងសាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនវីរយុទ្ធជនជួរមុខមានកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីយ៉ាងអង់អាចជាញជ័យ។ សូមជនរួមជាតិបន្តពង្រឹងស្មារតីព្រលឹងខ្មែរតែមួយនេះឱ្យបានឋិតនៅជានិរន្តរ៍...៕




