ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា “អំពើសាហាវព្រៃផ្សៃ និងអំនួតក្អេងក្អាងរបស់មេដឹកនាំថៃ មានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកម្ពុជា”។
ប៉ុន្តែ ពួកគេបានយល់ខុសស្រឡះ សម្រាប់ប្រជាជាតិខ្មែរ ការបំពានលើបូរណភាពទឹកដីកម្ពុជា និងការទម្លាក់គ្រាប់បែកលើជនស៊ីវិលស្លូតត្រង់ខ្មែរ បានជំរុញឱ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែកៀកស្មាគ្នាកាន់តែរឹងមាំ ដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។
ការថ្លែងរបស់ លោក ប៉ែន បូណា ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅល្ងាចថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់ថា “បើទោះបីជាមេដឹកនាំថៃ ខិតខំភូតកុហក់ បំភ្លៃការពិត បង្វែស្ថានការណ៍ ដើម្បីបិទបាំងអំពើឈ្លានពានទឹកដី និងចង់គេចពីអំពើឧក្រិដ្ឋកម្មរបស់ខ្លួនមកលើជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងណក៏ដោយ ពួកគេមិនអាចបិទបាំងការពិតពីភ្នែកសហគមន៍អន្តរជាតិបានឡើយ”។
លោក ប៉ែន បូណា បានសង្កតធ្ងន់ថា “អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមមកលើប្រទេសកម្ពុជានាពេលនេះ ក៏មិនអាចគេចផុតពីការទទួលខុសត្រូវជាដាច់ខាត”៕



