បន្ទាយមានជ័យ៖ ចាប់ពីម៉ោង ០៧និង០០នាទី រហូតដល់ម៉ោង ១០និង៥០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោងកាំភ្លើងធំ ប្រភេទ ១៥៥ម.ម ចំនួន ៣៣ គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ជាទីបំផុត។ ទង្វើឈ្លានពាននេះ បណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បាត់បង់ជីវិត ចំនួន ០១ នាក់ និងរងរបួស ចំនួន ០៧ នាក់។
ក្រសួងការពារជាតិ បានចាត់ទុកសកម្មភាពខាងលើ គឺជាការវាយប្រហារដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះយោធាថៃបានយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។
ជាការឆ្លើយតបនៅនឹងសកម្មភាពដ៏គឃ្លើនអមនុស្សធម៌របស់យោធាថៃ កងកម្លាំងរបស់កម្ពុជា បានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់កើនឡើងដល់ ៣១ នាក់ របួស ៩៤ នាក់ និងមានជនភៀសសឹកជាងកន្លះលាននាក់ភាគច្រើនស្ត្រី និងកុមារ៕




