2026-01-04 10:25
29

តំបន់បឹងត្រកួន ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងក្លាយជាភស្តុតាងរស់ នៃផលប៉ះពាល់ធ្ងន់ធ្ងរពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ ដែលមិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សផងដែរ។

យោងតាមការវាយតម្លៃនៅលើទីតាំងជាក់ស្តែង មានភូមិចំនួន ០៤ ដែលរងផលប៉ះពាល់ដោយផ្ទាល់រួមមាន ភូមិបន្ទាយមានឫទ្ធិ, ភូមិផ្លូវបំបែក, ភូមិត្រពាំងសំរោង និងភូមិសាមគ្គី។ 

ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន បាត់បង់ដីស្រែ សម្បត្តិ និងប្រភពជីវភាពប្រចាំថ្ងៃ ខណៈជីវិតរស់នៅស្ថិតក្រោមការគំរាមកំហែងជាបន្តបន្ទាប់។

អ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះគឺ សកម្មភាពព័ទ្ធយកភូមិដោយការដាក់កុងតឺន័រ និងសម្ភារៈយោធា ដែលជាទង្វើមានលក្ខណៈកាន់កាប់ទឹកដី និងបិទបាំងសេរីភាពចល័តរបស់ប្រជាជនស៊ីវិល។ សកម្មភាពបែបនេះ ត្រូវបានអ្នកជំនាញច្បាប់អន្តរជាតិវាយតម្លៃថាជា “ការរំលោភធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ” ដែលហាមឃាត់ការប្រើកម្លាំងយោធាប្រឆាំងប្រជាពលរដ្ឋ និងគោលដៅស៊ីវិល។

អ្នកវិភាគនយោបាយ និងសន្តិសុខ សង្កត់ធ្ងន់ថា ករណីបឹងត្រកួន មិនមែនជាបញ្ហាមូលដ្ឋានក្នុងស្រុកទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យជាតិ និងសន្តិភាពក្នុងតំបន់ ដែលទាមទារឱ្យសហគមន៍អន្តរជាតិ ឈប់មើលរំលង និងចូលរួមទទួលខុសត្រូវក្នុងការជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិ និងការដកកម្លាំងឈ្លានពានចេញពីទឹកដីកម្ពុជា។

បឹងត្រកួនថ្ងៃនេះ កំពុងបញ្ចេញជាសំឡេងទៅកាន់ពិភពលោកថា “សន្តិភាពមិនអាចកើតមានឡើងក្រោមកាណុងកាំភ្លើង ការរាយបន្លាលួស ដាក់កុងតឺន័រ ដោយយោធា” ដើម្បីហ៊ុព័ទ្ធយកភូមិ និងលើជីវិតមនុស្សបានទេ។ ប្រសិនបើច្បាប់អន្តរជាតិមិនត្រូវបានការពារ នៅទីនេះ ថ្ងៃស្អែក វាអាចត្រូវបានបំបាក់នៅកន្លែងណាមួយផ្សេងទៀត៕