2026-01-05 13:47
27

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបន្តពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្ម ក្នុងឆ្នាំ២០២៥ ដោយមន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សរុបចំនួន ១៦,២៦១ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ២,១៥២ ករណី។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បទល្មើសដែលត្រូវបានបង្ក្រាបរួមមាន បទល្មើសព្រៃឈើ ចំនួន ៧៥១ ករណី បទល្មើសសត្វព្រៃ ៧៣៧ ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋ ៣៣៤ ករណី បទល្មើសនេសាទ ៣២២ ករណី និងបទល្មើសធនធានរ៉ែ ១៥ ករណី។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៣៣ ករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៩៥ នាក់។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បើធៀបនឹងឆ្នាំ២០២៤ ចំនួនសកម្មភាពល្បាតក្នុងឆ្នាំ២០២៥ បានកើនឡើង ១,៨៥៥ លើក ខណៈករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះ ៣៩៣ ករណី។ 

ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សបានចុះល្បាត ១៤,៤០៦ លើក និងបង្ក្រាបបទល្មើសធនធម្មជាតិបាន ២,៥៤៥ ករណី ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ២៣៥ ករណី និងបញ្ជូនជនសង្ស័យ ៩៨ នាក់។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការថយចុះនៃករណីបទល្មើស គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម របស់ថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ អង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ ការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រូវបានអនុវត្តស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» ដែលផ្តោតលើការពង្រីកចលនាដាំឈើ ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

ក្នុងរយៈពេលជាង ២ឆ្នាំ ចុងក្រោយនេះ ក្រសួងបរិស្ថាន បានអនុវត្តច្បាប់ដោយភាពតឹងរ៉ឹង ១០០ ភាគរយ លើបទល្មើសធនធានធម្មជាតិ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបយ៉ាងរហ័ស និងចំគោលដៅ។ 

ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា ផែនទីរូបភាពពីផ្កាយរណប និងដ្រូន ដើម្បីតាមដានចំណុចសង្ស័យការកាប់រានព្រៃឈើ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព និងការអភិវឌ្ឍប្រកបដោយតុល្យភាពរបស់ប្រទេសជាតិ៕