ញូវយ៉ក៖ លោក នីកូឡាស ម៉ាឌូរ៉ូ អតីតប្រធានាធិបតីវេណេស៊ុយអេឡា បានបដិសេធបទចោទពាក់ព័ន្ធនឹងគ្រឿងញៀន នៅមុខតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បន្ទាប់ពីការចាប់ខ្លួនដ៏ភ្ញាក់ផ្អើលក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានធ្វើឲ្យមេដឹកនាំពិភពលោក និងមន្ត្រីរដ្ឋាភិបាលនៅក្រុងការ៉ាកាស នឹកស្មានមិនដល់។
ក្នុងសវនាការខ្លីមួយនៅតុលាការសហព័ន្ធ Manhattan លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ បានបដិសេធជុំវិញការចោទប្រកាន់របស់លោក ត្រាំ ដោយនិយាយថា៖ «ខ្ញុំគ្មានទោសទេ ខ្ញុំមិនមានកំហុសទេ ខ្ញុំជាមនុស្សល្អ ហើយខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ»។ ក្រោយការលើកឡើងរបស់អតីតមេដឹកនាំរូបនេះ ត្រូវបានចៅក្រម Alvin Hellerstein ផ្អាកការនិយាយរបស់គាត់ភ្លាមៗ។ បន្ទាប់មក តុលាការសម្រេចកំណត់ថ្ងៃសវនាការបន្ទាប់នៅថ្ងៃទី១៧ ខែមីនា ខាងមុខ។
ប៉ុន្មានម៉ោងបន្ទាប់ ក្នុងទីក្រុងការ៉ាកាស លោកស្រី ដេលស៊ី រ៉ូដ្រីហ្គេស (Delcy Rodriguez) អនុប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានស្បថចូលកាន់តំណែងជា ប្រធានាធិបតីបណ្តោះអាសន្នភ្លាមៗ ដើម្បីឡើងជាក្បាលម៉ាស៊ីនដឹកនាំប្រទេសជំនួស លោក ម៉ាឌូរ៉ូ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រធានាធិបតីបណ្តោះអាសន្នវេណេស៊ុយអេឡារូបនេះ បានបង្ហាញពីការគាំទ្រដល់ លោក ម៉ាឌូរ៉ូ ប៉ុន្តែលោកស្រីក៏មិនទាន់បង្ហាញសញ្ញាណាមួយក្នុងការប្រឆាំងនឹងជំហានរបស់សហរដ្ឋអាមេរិកនោះដែរ។
តាមរបាយការណ៍វាយតម្លៃសម្ងាត់មួយរបស់សហរដ្ឋអាមេរិក ដែលសារព័ត៌មាន Wall Street Journal បានរាយការណ៍ លោកស្រី រ៉ូដ្រីហ្គេស ត្រូវបានចាត់ទុកថា ជាមនុស្សម្នាក់ដែលសមស្របបំផុតក្នុងការដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងករណីអវត្តមានលោក ម៉ាឌូរ៉ូ។
របាយការណ៍ដដែលបានបញ្ជាក់ថា លោកស្រី រ៉ូដ្រីហ្គេស រួមជាមួយរដ្ឋមន្ត្រីមហាផ្ទៃ និងការពារ ជាអ្នកដឹកនាំមួយរូប ដែលអាចរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងប្រទេសបាន៕



