2026-01-06 10:17
26

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានប្តឹងទៅកាន់អង្គការសហប្រជាតិ ចោទប្រកាន់ថា “ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ និងប្រព្រឹត្តអំពើឈ្លានពានលើទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ”។

តាម គ.ស.ម.ក. បានបញ្ជាក់ថា ទាហានថៃបានបង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌ ព្រមទាំងបានលុកលុយចូលលំនៅឋានប្រជាពលរដ្ឋ និងលួចយកទ្រព្យសម្បត្តិឯកជនដូចជា ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗ នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

អំពើឈ្លានពានទាំងនេះ ត្រូវបាន គ.ស.ម.ក. អះអាងថា បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់សែនគ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ រស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងការបណ្តេញចេញដោយបង្ខំ ដែលផ្ទុយនឹងកាតព្វកិច្ចអន្តរជាតិស្តីពីសិទ្ធិមនុស្ស។

គ.ស.ម.ក. បានគូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភ លើ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១(១)) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៧) អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ (មាត្រា៤៦ និង ៤៧) អនុសញ្ញាទីក្រុងហ្សឺណែវ (មាត្រា ៣៣) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា ១៧)។ 

ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវបានការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។

ដោយមានការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងពាក្យបណ្តឹងនោះ គ.ស.ម.ក. បានស្នើឲ្យយន្តការអង្គការសហប្រជាជាតិ ចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល ស្នើឲ្យថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា ធានាការវិលត្រឡប់ដោយសុវត្ថិភាពរបស់ជនភៀសសឹក និងផ្តល់សំណងជូនជនរងគ្រោះ។

គ.ស.ម.ក. បានបញ្ជាក់ជាថ្មីថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនជាគោលដៅយោធា ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

នៅចុងបញ្ចប់ គ.ស.ម.ក. បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងយន្តការពាក់ព័ន្ធទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សេចក្តីថ្លៃថ្នូរ និងសិទ្ធិមូលដ្ឋានរបស់ប្រជាជនស៊ីវិលកម្ពុជា ព្រមទាំងធានាការទទួលខុសត្រូវតាមច្បាប់អន្តរជាតិចំពោះអំពើរំលោភបំពានទាំងនេះ៕