2026-01-05 13:51
26

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីបញ្ជាក់ជូនសាធារណជន និងសហគមន៍អន្តរជាតិ ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ប្រឆាំងនឹងការបន្តឈរជើង និងការកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃ លើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានណាមួយក្រោមច្បាប់អន្តរជាតិ។

ក្នុងសន្និសីទ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ» ថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា បានបញ្ជាក់ថា «ការកាន់កាប់ទឹកដីតាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយស្រឡះទៅនឹងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ហើយសកម្មភាពគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចណាមួយ ដែលកើតចេញពីទង្វើបែបនេះ មិនមានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ»។

ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ 

ចំណែកឯការដាក់ពង្រាយទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមិនអាចទទួលយកបានឡើយ។

អ្នកនាំពាក្យបានបន្ថែមថា ទង្វើរទាហានថៃ បាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិលកាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី០៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រ និងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ 

លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ 

អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា «កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»។ 

លោក ប៉ែន បូណា បានបញ្ជាក់ថា ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈដែលការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ 

កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា «យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធ ដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាន និងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ»៕